ទន្លេស្ងួត ក្នុងតំបន់ប្រាសាទព្រះធាតុបាស្រី ខេត្តត្បូងឃ្មុំ កំពុងត្រូវបានរៀបចំ ប្រែក្លាយជាតំបន់រមណីយដ្ឋានធម្មជាតិ អព្យាក្រឹតកាបូន គម្រូមួយនៅកម្ពុជា


ទន្លេស្ងួត ក្នុងតំបន់ប្រាសាទព្រះធាតុបាស្រី ស្ថិតនៅក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ កំពុងត្រូវបានរៀបចំ ប្រែក្លាយជាតំបន់រមណីយដ្ឋានធម្មជាតិ អព្យាក្រឹតកាបូន គំរូមួយនៅកម្ពុជា ដោយមានការដាំផ្កា ស្បៃរឿងចំនួន១លានដើម ការដាំដើមឈើ និងប្រើប្រាស់ពន្លឺអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ ដែលជាថាមពលកកើតឡើងវិញ។

ថ្មីៗកន្លងមកនេះ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ ជាតិចុះជួយស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានលើកឡើងថា ផ្កាស្បៃរឿងទាំង ១លានដើម បានដាំនៅទីតាំងប្រវត្តិសាស្រ្ត «ទន្លេស្ងួត» រួចហើយ ដើម្បីថ្វាយដល់ទេវតាឆ្នាំថ្មី ដែលគ្រោងយាង មកប្រោសព្រំពរជ័យសិរី សួស្តី ជូនប្រជារាស្រ្ត ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិ និងយាងគ្រប់គ្រងទឹកដី នៃព្រះរាជារាណាចក្រកម្ពុជា នាពេលខាងមុខ។ ជាមួយគ្នានេះ ក្រុមការងារបានសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ នៅលើទីតាំងផ្ទាល់ ជាទីកន្លែងស្តុកទឹក យ៉ាងសំខាន់ សំរាប់ប្រជាពលរដ្ឋប្រើប្រាស់ សម្រាប់បង្កើនផលកសិកម្ម និងបានដាំដើមឈើជិត ១ពាន់ដើមផងដែរ។ ក្រុមការងារ បានកែលម្អទីតាំងប្រវត្តិសាស្រ្ត ជារមណីយដ្ឋានស្រស់ស្អាត បំពាក់ប្រព័ន្ធអគ្គិសនី សូឡាចំនួន៥០ បង្គោលបំភ្លឺថែមទៀត។ ទុកជូនសំរាប់បងប្អូនប្រជាពលរដ្ឋ មកលេងចូលឆ្នាំខ្មែរ នៅពេលសម្រាកចុងសប្តាហ៍ និងក្នុងបុណ្យទានផ្សេងៗ។

ឯកឧត្តម អ៊ាង សុផល្លែត បានបន្ថែមថា ការរៀបចំបង្កើត រមណីយដ្ឋានប្រវត្តិសាស្រ្តធម្មជាតិ «ទន្លេស្ងួត» ដើម្បីទុកជាប្រយោជន៍ សំរាប់ប្រជាពលរដ្ឋ ជាពិសេសជួយពង្រឹង ជីវភាពសហគមន៍នៅក្នុងតំបន់ តាមរយៈការអភិវឌ្ឍទេសចរណ៍ធម្មជាតិ ផ្សាភ្ជាប់ទឹកដី និងការរស់នៅដោយចីរភាព។ សូមបញ្ជាក់ថា ផ្តើមចេញពី សុខសន្តិភាព មូលដ្ឋានស្រុកអូររាំងឪ បានទទួលការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធនានា ពីរាជរដ្ឋាភិបាល ក៏ដូចជាពីក្រុមការងារ ចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានជួយដោះស្រាយ ការលំបាក និងជួយពង្រឹងជីវភាព ប្រជាពលរដ្ឋជាប្រចាំ។ ជាមួយគ្នានេះ សមិទ្ធផលថ្មីនៃក្រុមការងារ ចុះមូលដ្ឋានស្រុកអូររាំងឪ នឹងជួយឲ្យតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្ត ក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ គំរូមួយនៅកម្ពុជា សម្រាប់ទាក់ទាញទេសចរ និងបង្កើនចំណូលបន្ថែម ដល់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍មូលដ្ឋាន។

តំបន់ប្រាសាទបុរាណព្រះធាតុបាស្រី ដែលបានកសាងឡើង អំពីថ្មភក់ តាំងពីសម័យមុនអង្គរ ក្នុងឆ្នាំ ៩៨៣ នៃគ្រឹស្ដសករាជ បានក្លាយជាដែនដី ដែលពោរពេញដោយជំនឿ និងការគោរព រហូតដល់សព្វថ្ងៃ។ ទន្លេស្ងួត ជាទីតាំងមួយដែល មានរឿងដំណាលថា ព្រះមហាក្សត្រខ្មែរ ដែលបានសោយរាជក្នុងប្រវត្តិសាស្រ្ត ជាពិសេសក្នុងរាជព្រះអង្គស្តេចកន បានមកបែបន់ និងបានសម្រេចជោគជ័យ តាមបំណងប្រាថ្នា របស់ព្រះអង្គ៕