កម្ពុជា នឹងមានសេវារថយន្ដក្រុងអគ្គិសនី (E-Bus) សម្រាប់ដឹកជញ្ជូនសាធារណៈ នាពេលខាងមុខ


ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញថា គម្រោងសិក្សាបឋម សមិទ្ធលទ្ធភាព (Pre-feasibility Study) សេវាដឹកជញ្ជូនសាធារណៈ ដោយប្រើប្រាស់រថយន្ដក្រុងអគ្គិសនី (E-Bus) ត្រូវបានបញ្ចប់រួចរាល់ហើយ ដោយលទ្ធផលនៃ ការសិក្សាបង្ហាញថា គម្រោងនេះនឹងអាច ប្រព្រឹត្តទៅបាន ដោយមិនមានបញ្ហាចោទនោះទេ។ គម្រោងនេះ នឹងជួយដោះស្រាយ បញ្ហាចរាចរណ៍ក្នុងទីក្រុង និងជួយកាត់បន្ថយចំហេះយានយន្ដ លើកកម្ពស់គុណភាពខ្យល់ សម្រាប់ផាកសុខភាព ប្រជាពលរដ្ឋផងដែរ។

ក្នុងកិច្ចជំនួបពិភាក្សាការងារ រវាងក្រសួងសាធាណការ និងដឹកជញ្ជូន ជាមួយវិទ្យាស្ថាន កំណើនបៃតងសកល (Global Green Growth Institute - GGGI) បានបង្ហាញថា កម្ពុជា មានទស្សនៈវិជ្ជមាន កំពុងមាននិន្នាការអភិវឌ្ឍ ក្នុងលក្ខខណ្ឌគិតគូរពីបរិស្ថាន ដែលប្រកបដោយចីរភាព។ ចំពោះ ផែនការបន្ទាប់ វិទ្យាស្ថាន GGGI គ្រោងនឹងសិក្សាពីគម្រោង លើកកម្ពស់គុណភាពខ្យល់ នៅរាជធានីភ្នំពេញ និងក្រុងសៀមរាប នឹងចាប់ផ្ដើមពីដើមខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ ដែលប៉ាន់ស្មានថានឹងត្រូវ ចំណាយរយៈពេលសិក្សាចំនួន ២ ឆ្នាំ ក្រោមជំនួយរបស់បារាំង តាមរយៈ AFD។ ក្នុងគម្រោងសិក្សា លើកកម្ពស់គុណភាពខ្យល់នោះ ក៏បានដាក់បញ្ចូលនូវ ការសិក្សាទាក់ទងនឹង ការគ្រប់គ្រងកាកសំណល់ និងលើកកម្ពស់សុខភាពអនាម័យ ក្នុងការរស់នៅ ផងដែរ។

ស្របពេលជាមួយគ្នា ក្រសួងសាធាណការ និងដឹកជញ្ជូន នឹងយកក្រុងសៀមរាប ធ្វើជាគម្រូក្នុងការប្រើប្រាស់ រថយន្ដក្រុងអគ្គិសនី (E-Bus) ជាករណីសិក្សាគម្រូ សម្រាប់ការអនុវត្ត នៅទីក្រុងផ្សេងៗទៀត។ បន្ថែមពីនេះ ក្រសួង នឹងជំរុញលើកទឹកចិត្តបន្ថែម ដល់ការប្រើប្រាស់រថយន្ដអគ្គិសនី នៅក្នុងប្រទេសកម្ពុជា ដោយសហការជាមួយ ដៃគូអភិវឌ្ឍន៍ដូចជា UNDP និងវិស័យឯកជន ក្នុងការតម្លើងស្ថានីយ បញ្ចូលថាមពលនៅតាមទីក្រុង និងផ្លូវជាតិសំខាន់ៗ អោយកាន់តែទូលំទូលាយ ពាសពេញផ្ទៃប្រទេស។

តាមរយៈគោលដៅ របស់រាជរដ្ឋាភិបាល កម្ពុជា នឹងសម្រេចក្លាយទៅជា ប្រទេសកាបូនអព្យាក្រឹត នៅត្រឹមឆ្នាំ២០៥០ ទាំងការប្រើប្រាស់យានយន្ដអគ្គិសនី អោយច្រើនជាងយានយន្ដឥន្ធនៈ និងការប្រើប្រាស់ថាមពលបៃតង ដែលនឹងប្រែខ្លួនចេញពី ប្រទេសកំពុងអភិវឌ្ឍន៍ ទៅជាប្រទេសអភិវឌ្ឍន៍ មានប្រាក់ចំណូលខ្ពស់ ហើយកាបូនអព្យាក្រឹត នឹងជួយលើកកម្ពស់សេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងនិរន្តភាព។