ស្ពានបេតុងខ្សែកាបដំបូងគេ នៅរាជធានីភ្នំពេញ កំពុងលេចចេញជារូបរាងហើយ ដោយក្រុមការងារបច្ចេកទេស កំពុងអ៊ុតកៅស៊ូលើតួស្ពាន និងការងារទ្រូងផ្លូវតួស្ពាន ដើម្បីបញ្ចប់ការងារទាំងស្រុង នៅដើមខែមេសា នឹងបើកប្រើប្រាស់ជាផ្លូវការ មុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ សម្រាប់សម្រួលដល់ ការធ្វើដំណើរប្រជាពលរដ្ឋ ខណៈស្ពានអាកាសឫស្សីកែវ កំពុងបើកប្រើប្រាស់ បណ្ដោះអាសន្នរួចរាល់ហើយ។
គម្រោងសាងសង់ ស្ពានបេតុងខ្សែកាប ឫស្សីកែវ-ជ្រោយចង្វារ ជាការរំដោះចរាចរណ៍ នៅស្ពានជ្រោយចង្វាទាំង២ ព្រមទាំងជាការរួមចំណែក អភិវឌ្ឍន៍បន្ថែម នៅតំបន់ទីក្រុងរណប ជ្រោយចង្វារបស់ក្រុមហ៊ុន OCIC ផងដែរ។ ស្ពាននេះ ត្រូវបានសាងសង់ឡើង ក្រោមកិច្ចសហការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC ដើម្បីសាងសង់ ស្ពានបេតុងខ្សែកាប ប្រវែង ៩២២ ម៉ែត្រ ឆ្លងកាតទន្លេសាប និងចំណាយថវិកាប្រមាណ ៣៥ លានដុល្លារ។
លក្ខណសម្បត្តិរបស់ស្ពាននេះ វាជាស្ពានបេតុងអាមេខ្សែកាប ដូចទៅនឹងស្ពានត្សឹបាសា (ស្ពានអ្នកលឿង) មានប្រវែងបណ្ដោយ ៩២២ ម៉ែត្រ ទទឹង ២០,៥ ម៉ែត្រ មានបង្គោលខ្សែកាបចំនួន ៤ មានកម្ពស់ ៤០ ម៉ែត្រ អាចបើកបរបាន ៤ គន្លងរថយន្ដ និងផ្លូវថ្មើជើង ១ គន្លងទំហំ ១,២៥ ម៉ែត្រផងដែរ។ ចំពោះចរាចរណ៍ នាវានៅក្រោមស្ពានវិញ នៅរដូវប្រាំង អាចបើកបរបានកម្ពស់ ២០,៥ ម៉ែត្រ និងកម្ពស់ ១០,៥ ម៉ែត្រនៅរដូវវស្សា។
យោងតាមការបញ្ជាក់ពីក្រុមហ៊ុន OCIC បានបង្ហាញ ស្ពាននេះសម្រេចការងារបានជាង ៩០% មកហើយ នៅសេសសល់តែ ការងារហេដ្ឋារចនាសម្ព័ន្ធ តុបតែងខាងលើតួស្ពានប៉ុណ្ណោះ បើតាមផែនការ គម្រោងនេះនឹងបញ្ចប់ទាំងស្រុង នៅខែមេសា មុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ។
ស្ពានខ្សែកាបឫស្សីកែវឆ្លងទន្លេសាប។ តាមផែនការ គម្រោងនេះ នឹងបញ្ចប់ការសាងសង់ទាំងស្រុង នៅក្នុងខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។
ស្ពានខ្សែកាបឬស្សីកែវ នឹងជួយសម្រួលដល់ ការធ្វើដំណើររបស់ បងប្អូនប្រជាពលរដ្ឋ និងកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍។