គិតត្រឹមចុងខែមីនា គម្រោងអាកាសយានដ្ឋាន អន្តរជាតិតេជោ ក្រុងតាខ្មៅ សម្រេចការងារសាងសង់បានជាង ៤៤%


បើតាមការបញ្ជាក់របស់ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល កាលពីថ្ងៃ ៣០ មីនា ឆ្នាំ២០២៣ បានឲ្យដឹងថា គិតត្រឹមខែមីនា ឆ្នាំ២០២៣នេះ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោថ្មី នៅក្រុងតាខ្មៅ ខេត្តកណ្តាល សម្រេចការសាងសង់ បានជាង ៤៤% ហើយ។

ឯកឧត្តមបានបញ្ជាក់ថា រហូតមកទល់នឹងចុងខែមីនានេះ គម្រោងសាងសង់ ព្រលានយន្តហោះតេជោថ្មី នៅក្នុងស្រុកកណ្ដាលស្ទឹង នៃខេត្តកណ្តាល សម្រេចបាននូវ វឌ្ឍនភាពចំនួន ៤៤,៣%។

ដោយឡែក ក្នុងនោះ ទិដ្ឋភាពដីនៅ គម្រោងអភិវឌ្ឍព្រលានថ្មីនេះ បែងចែកជាពីរ មួយដីទិញដោយក្រុមហ៊ុន និងមួយទៀតជាដីរូបវន្តបុគ្គល ដែលប្រជាពលរដ្ឋគ្រប់គ្រង។ ក្នុងចំណោមផ្ទៃដីសរុប ២ ៦០០ហិកតា ការដោះស្រាយទំនាស់ ដីធ្លីពាក់ព័ន្ធ នឹងគម្រោងអភិវឌ្ឍព្រលានថ្មីនេះ សម្រេចបាន ៦៣,១% ស្មើ ១ ៦៤០ហិកតា ផងដែរ។

បន្ថែមពីនេះ ដីដែលត្រូវដោះស្រាយបន្តរួមមាន ដីគ្រប់គ្រងដោយក្រុមហ៊ុន មានទំហំសរុបជាង ៦៥៧ហិកតា ត្រូវ ២៥,២៦% និងដី ដែលគ្រប់គ្រងដោយ ប្រជាពលរដ្ឋមានជាង ៣០២ហិកតា ត្រូវជា ១១%។

គួររំលឹកដែរថា បើតាម ការបញ្ជាក់របស់ ឯកឧត្តម នូវប៉េង ច័ន្ទតារា បានបន្ថែមឲ្យដឹងថា គម្រោងអភិវឌ្ឍព្រលានយន្តហោះថ្មីនេះ ក៏មានការសាងសង់ ផ្លូវតភ្ជាប់ចូលទៅ ព្រលាន ដែលតភ្ជាប់ផ្លូវជាតិលេខ២ និងមហាវិថីសម្តេចតេជោ ដែលមានប្រវែង ១៣,៥ គីឡូម៉ែត្រ បច្ចុប្បន្នសម្រេចបានជាង ៣៥% ហើយ។

គូសសម្គាល់ដែរថា អាកាសយានដ្ឋានអន្តរជាតិតេជោថ្មីនេះ  ត្រូវបានវិនិយោគដោយក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) ក្រោមទុនសរុបប្រមាណ ១,៥ពាន់លានដុល្លារ កំពុងត្រូវបានសាងសង់ ដោយក្រុមហ៊ុន China Construction Third Engineering Bureau Group Co., Ltd. នៅលើផ្ទៃដី ២ ៦០០ហិកតា៕