ផ្សារទំនើប Big C គ្រោងនឹងបង្ហាញខ្លួន នៅទីក្រុងរណបជ្រោយចង្វារ ក្រោមកិច្ចសហការរួមគ្នារបស់ កម្ពុជា និងថៃ!


បើយោងតាម ការចុះផ្សាយរបស់ក្រុមហ៊ុន OCIC កាលពីថ្ងៃទី២២ មេសា កន្លងទៅបានឲ្យដឹងថា ថ្មីៗនេះ អ្នកអភិវឌ្ឍដ៏ល្បីល្បាញ របស់កម្ពុជា គឺក្រុមហ៊ុន OCIC បានចុះអនុស្សារណៈ ជាមួយផ្សារទំនើប Big C របស់ប្រទេសថៃ ដើម្បីនាំយកផ្សារទំនើបយីហោល្បីនេះ មកបង្ហាញខ្លួនក្នុង ទីក្រុងរណបជ្រោយចង្វារថ្មី ដែលស្ថិតនៅភាគខាងជើង នៃរាជធានីភ្នំពេញ។

គម្រោងផ្សារទំនើប Big C នេះ នឹងត្រូវសាងសង់ឡើង នៅលើផ្ទៃដីទំហំ ២,៧ហិកតា នៅម្តុំរង្វង់មូលនាងទេមមច្ឆា ត្រើយខាងកើតនៃស្ពានជ្រោយចង្វា ជិតតំបន់ពាណិជ្ជកម្មថ្មី របស់ក្រុមហ៊ុន OCIC។

ក្នុងនោះដែរ លោកស្រី Lim Lychin នាយិកាក្រុមហ៊ុន OCIC បានឱ្យដឹងថា ផ្សារទំនើប Big C នេះ នឹងក្លាយជាផ្សារទំនើបដំបូងគេ ក្នុងទីក្រុងរណបជ្រោយចង្វារ ដែលជាតំបន់ពាណិជ្ជកម្មថ្មី និងល្អបំផុតនៅរាជធានីភ្នំពេញ។

លោកស្រី បានបន្តថា គោលដៅនៃការបង្កើត ទីក្រុងរណបជ្រោយចង្វារនេះឡើង គឺដើម្បីប្រែក្លាយតំបន់ថ្មីនេះ ឱ្យទៅជាទីក្រុងពាណិជ្ជកម្ម ដ៏សម្បូរបែបបំផុត របស់រាជធានីភ្នំពេញ ក្នុងនោះរួមមាន គម្រោងធំៗជាច្រើននឹងត្រូវបង្កើតឡើង ដើម្បីបំពេញតម្រូវការ របស់វិនិយោគគិនជាតិ និងអន្តរជាតិ ឱ្យទទួលបាននូវការកម្សាន្ត និងធ្វើពាណិជ្ជកម្ម នៅនឹងកន្លែងតែមួយតែម្តង។

ជាការឆ្លើយតប លោក Gary Hardy នាយកប្រតិបតិ្តរបស់ផ្សារទំនើប Big C ក៏បានបង្ហាញពីសេចក្តីសោមនស្ស រីករាយយ៉ាងខ្លាំង ក្នុងការពង្រីកបណ្តាញរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការចុះហត្ថលេខា លើផ្សារទំនើប BIG C ទី១នៅរាជធានីភ្នំពេញ ក្នុងខណ្ឌជ្រោយចង្វារនេះ ព្រោះកន្លងមកធ្លាប់ មានតែប្រភេទផ្សារ Big C ជាទម្រង់តូចគឺ “BIG C MINI” ចំនួន ២០ នៅទូទាំងរាជធានីភ្នំពេញ និងកំពត។

នាយកប្រតិបត្តិរូបនេះ បានបន្តទៀតថា យើងរីករាយណាស់ ក្នុងការធ្វើជាដៃគូជាមួយ OCIC និង Canadia Group។ ជំហានដំបូងនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រ ពង្រីកទីផ្សារឱ្យកាន់តែ ទូលំទូលាយក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដើម្បីអភិវឌ្ឍទម្រង់ជាច្រើនទៀត នៅទូទាំងប្រទេសកម្ពុជា និងតំបន់ SEA។

គួររម្លឹកដែរថា គម្រោងផ្សារទំនើបនេះ ត្រូវបានបង្កើតឡើង នៅចំពេលដែល ស្ពានបេតុងខ្សែកាបឫស្សីកែវ ឆ្លងទន្លេសាបរបស់ក្រុមហ៊ុន OCIC បានបើកដំណើរការ ជាបណ្តោះអាសន្ន ដែលធ្វើឱ្យតំបន់នេះ ក្លាយជាទិសដៅមុតស្រួចមួយ នៃកំណើនដ៏លឿន របស់ប្រជាជននៃទីក្រុង ក៏ដូចជាកំណើននៃអ្នកវិនិយោគ និងយីហោល្បីៗរបស់អន្តរជាតិ។

គួរបញ្ជាក់ផងថា ផ្សារទំនើប Big C ក៏ធ្លាប់គ្រោង នឹងពង្រីកសាខារាប់រយបន្ថែមទៀត នៅរាជធានីភ្នំពេញ បាត់ដំបង សៀមរាប និងខេត្តក្រុងសំខាន់ៗដទៃ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខនេះ ជាពិសេសប្រភេទផ្សារខ្នាតតូច Mini Big C តែម្តង។