មកដល់រដូវភ្លៀងនេះ គឺជារដូវដ៏ពិបាកមួយសម្រាប់ទីក្រុងមួយចំនួនស្ថិតនៅសណ្ឋានដីទាប ដែលបណ្ដាលឲ្យមានបញ្ហាទឹកលិចជាញឹកញាប់ មិនថាតែប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍យើងទេ បញ្ហាទឹកលិចនេះកើតឡើងមានជារៀងរាល់ឆ្នាំជុំវិញពិភពលោកនៅក្នុងរដូវភ្លៀង ជាពិសេសនៅពេលដែលមានបាតុភូតព្យុះនានា។ ប៉ុន្តែសម្រាប់ទីក្រុងមួយចំនួនដែលស្ថិតនៅជាប់សមុទ្រ និងមានសណ្ឋានដីទាបទៀតនោះ វានឹងធ្វើឲ្យអត្រានៃការទឹកលិចកាន់តែងាយស្រួលតែម្ដង។ អញ្ចឹងថ្ងៃនេះ យើងនឹងមកស្គាល់ទីក្រុងចំនួន ៦ ជុំវិញពិភពលោកដែលងាយទទួលរងការលិចទឹកបំផុត។
- ទីក្រុង New Orleans
New Orleans គឺជាទីក្រុងដែលងាយទទួលរងការលិចទឹកជាងគេបំផុតលើពិភពលោក ដោយសារវាស្ថិតនៅតំបន់ឈូងសមុទ្រម៉ិចស៊ិច ក្បែទន្លេ Mississippi សហរដ្ឋអាមេរិច ដែលតាមការសិក្សារបស់អង្គការណាសា បានបង្ហាញថាតំបន់ជុំវិញទីក្រុងនេះកំពុងទទួលរងការលិចបាត់ទៅហើយ ព្រោះកម្ពស់ទឹកសមុទ្រឡើងរហ័សរហូតដល់ ២ អ៊ីញក្នុងមួយឆ្នាំ។ ដូចនេះគេសម្មត់ថា នៅឆ្នាំ ២១០០ ទីក្រុងមួយនេះនឹងលិចចូលក្នុងទឹកសមុទ្របាត់តែម្ដង។
- ទីក្រុង Jakarta
ទីក្រុង Jakarta មិនខុសពីទីក្រុង New Orleans ប៉ុន្មាននោះទេ ដោយវាស្ថិតនៅលើកោះជ្វា ប្រទេសឥណ្ឌូនេស៊ី ហើយជាតំបន់មានកំណើនកម្ពស់ទឹកសមុទ្រយ៉ាងខ្ពស់ជាងគេបំផុតដល់ ៦.៧ អ៊ីញក្នុងមួយឆ្នាំ បូករួមទាំងដីទាបទៀតនោះ គេសម្មត់ថានៅផ្នែកមួយចំនួនធំនៃទីក្រុង Jakarta នឹងលិចបាត់នៅឆ្នាំ ២០៥០ ខាងមុខនេះ។ យ៉ាងណាមិញ ដូចអ្វីដែលគេហទំព័រ Cambodia Property Report បានចុះផ្សាយជាច្រើនមកហើយថា ប្រទេសឥណ្ឌូនេស៊ីកំពុងធ្វើការលើគម្រោង ១០ ឆ្នាំដើម្បីផ្លាស់ប្ដូររដ្ឋធានីថ្មីទៅកោះ Borneo ក្នុងការបញ្ចៀសបញ្ហាមនុស្សរស់នៅច្រើនពេក, បញ្ហាចរាចរណ៍, បញ្ហាបំពុលបរិស្ថាន, និងបញ្ហាទឹកលិច នៅក្នុងទីក្រុង Jakarta។
- ទីក្រុង Houston
ទំនប់ទឹកនៅក្នុងរដ្ឋ Texas សហរដ្ឋអាមេរិច មានកំណើនឡើងជាលំដាប់ជារឿងរាល់ឆ្នាំ ដែលបណ្ដាលឲ្យទីក្រុងមួយចំនួនបានទទួលរងការលិចទឹកជាញឹកញាប់។ ក្នុងនោះទីក្រុង Houston គឺជាតំបន់ដែលលិចខ្ពស់ជាងគេតាំងពីឆ្នាំ ១៩២០ មកដោយការលិចឡើងមានកម្ពស់ ២ អ៊ីញក្នុងមួយឆ្នាំ ហើយទីក្រុងនេះក៏ទទួលរងនូវព្យុះ Hurricane ច្រើនជាងគេផងដែរ។
- ទីក្រុងប៉េកាំង
ទីក្រុងប៉េកាំង ស្រដៀងនឹងប្រទេសកម្ពុជាដែរ ថ្វីត្បិតតែមិនស្ថិតនៅជាប់សមុទ្រមែន ប៉ុន្តែវាមានរាងបាតខ្ទះដែលបណ្ដាលឲ្យផ្នែកមួយចំនួនលិចទឹកលឿនខ្លាំង រហូតដល់ប្រកាសអាសន្ននៃកំណើនកម្ពស់ទឹកដល់ ៤ អ៊ីញក្នុងមួយឆ្នាំ ធ្វើឲ្យទីក្រុងប៉េកាំង ជាទីក្រុងដែលមានបញ្ហាទឹកខ្លាំងគេលំដាប់ទី ៥ លើពិភពលោក។
- ទីក្រុងបាងកក
នៅក្នុងប្រទេសអាស៊ីឥណ្ឌូចិន ទីក្រុងបាងកក មានបញ្ហាផ្នែកទឹកលិចខ្លាំងគេបំផុត ដោយគេព្យាករណ៍ឃើញថានៅឆ្នាំ ២០៣០ ផ្នែកមួយចំនួននៃទីក្រុងបាងកកប្រហែល ៤០% នឹងទទួលរងនូវបញ្ហាទឹកលិចជាប្រចាំនៅខែភ្លៀង ព្រោះទីក្រុងបាងកកស្ថិតនៅតំបន់ត្រូពិចទទួលរបបទឹកភ្លៀងច្រើន។ ម្យ៉ាងវិញទៀត កំណើននៃអគារខ្ពស់ៗក្នុងទីក្រុង ក៏បានធ្វើឲ្យការទាក់ទាញទឹកភ្លៀងកើនឡើងផងដែរ ដោយគេស្រាវជ្រាវឃើញថាទីក្រុងបាងកក មានកំណើនកម្ពស់ទឹក ០.៨ អ៊ីញក្នុងមួយឆ្នាំ។
- ទីក្រុង Lagos
ទីក្រុង Lagos មានប្រជាជនច្រើនជាងគេបំផុតនៅក្នុងប្រទេស Nigeria ហើយកម្ពស់ទឹកសមុទ្រវិញកំពុងធ្វើឲ្យប្រទេស Nigeria ឈានទៅរកវិបត្តិយ៉ាងធ្ងន់ធ្ងរ ជាពិសេសគឺការរស់នៅតំបន់ជាប់សមុទ្រនោះ។ ហើយបើកម្រិតកម្ពស់ទឹកសមុទ្រឡើងចាប់ពី ៣ ទៅ ៩ ហ្វីត វានឹងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាច្រើន និងធ្វើឲ្យតំបន់ជាប់សមុទ្រនោះមិនអាចរស់នៅបានទៀតទេ។