កម្ពុជា នាំចូលប្រេងឥន្ធនៈជាង ៤០០ លានដុល្លារ ក្នុងត្រីមាសទី១


រយៈពេល ៣ ខែដើមឆ្នាំ២០២៣ កម្ពុជា បាននាំចូលប្រេងឥន្ធនៈ សរុបជាង ៤០០ លានដុល្លារ ដោយការនាំចូលប្រេងសាំង មានតម្លៃជាទឹកប្រាក់ ១៩៧ លានដុល្លារ បានកើនឡើង ២១% ធៀបទៅនឹងឆ្នាំមុន ចំណែកឯការនាំចូលប្រេងម៉ាស៊ូត តម្លៃជាទឹកប្រាក់ ២១១ លានដុល្លារ ធ្លាក់ចុះជាង ៣០% បើយោងតាមទិន្នន័យពី ក្រសួងពាណិជ្ជកម្ម។

ឯកឧត្តម ប៉ែន សុវិជ្ជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបង្ហាញថា តម្លៃនៃការលក់ប្រេងឥន្ធនៈ នៅកម្ពុជា ត្រូវផ្អែកទៅលើតម្លៃ ទីផ្សារអន្តរជាតិ ហើយគិតមកទល់ពេលនេះ ការនាំចូលនិងតម្លៃប្រេងឥន្ធនៈនៅកម្ពុជា មិនមានបញ្ហាប្រឈម គួរអោយកត់សម្គាល់នោះទេ ដោយប្រេងឥន្ធនៈ បានធ្លាក់ចុះបន្ដិចនៅលើ ទីផ្សារអន្តរជាតិ។ បើយោងតាមការកំណត់ របស់ក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ឧសភា ឆ្នាំ២០២៣ ប្រេងសាំងមានតម្លៃ ៤ ២០០ រៀល ចំណែកប្រេងម៉ាស៊ូត មានតម្លៃ ៣ ៩៥០ រៀល។

សូមបញ្ជាក់ផងដែរថា កម្ពុជា មានក្រុមហ៊ុនចែកចាយ ប្រេងឥន្ធនៈក្នុងស្រុក និងក្រុមហ៊ុនអន្តរជាតិ ដោយក្រុមហ៊ុនក្នុងស្រុក មានដូចជា ក្រុមហ៊ុន Tela, Sokimex, Papa, Savimex, Lim Long -ល- ចំណែកក្រុមហ៊ុនអន្តរជាតិមានដូចជា ក្រុមហ៊ុន Total Energy, Caltex, និង PTT ជាដើម។ ភាគច្រើន កម្ពុជា បាននាំចូលប្រេងឥន្ធនៈពីប្រទេសជិតខាង ដូចជា ថៃ វៀតណាម និងសិង្ហបុរីផងដែរ។