ប្រាសាទនាគព័ន្ធ នៅតែជាគោលដៅដ៏ពេញនិយម ក្នុងការផ្តិតយករូបភាពដ៏ស្រស់ស្អាត ដែលភាគច្រើនភ្ញៀវទេសចរជាតិ និងបរទេស មិនដែលរំលង!


ខេត្តសៀមរាប៖ ប្រាសាទនាគព័ន្ធ ជាគោលដៅទេសចរណ៍មួយ ដ៏មានភាពទាក់ទាញ ក្នុងចំណោមប្រាសាទបុរាណជាច្រើន ដែលមានទិសដៅទស្សនា តាមផ្លូវវង់ធំ ដោយធ្វើដំណើរចេញពី ខ្លោងទ្វារដីឆ្នាំង នៃក្រុងអង្គរធំ។

គូសសម្គាល់ដែរថា ក្រោយពេលអាជ្ញាធរជាតិអប្សរា បានធ្វើការសាងសង់ស្ពានថ្មី ជំនួសស្ពានចាស់ សម្រាប់ធ្វើដំណើរឆ្លងកាត់ ចូលទស្សនាប្រាសាទ និងការរៀបចំកែលម្អ ជាពិសេសវង់ទស្សនា នៅបរិវេណផ្នែកខាងក្នុងនៃប្រាសាទនាគព័ន្ធ បានធ្វើឱ្យប្រាសាទនេះ កាន់តែមានសម្រស់ស្រស់ស្អាត គ្រប់រដូវកាល ដោយភ្ញៀវទេសចរអាចទស្សនា និងផ្តិតយករូបភាព រុក្ខជាតិបៃតងខៀវខ្ចី ដ៏ស្រស់បំព្រង នៅលើស្ពានឆ្លងកាត់បារាយណ៍ខាងជើង ទស្សនាសត្វស្លាបទឹក ជាច្រើនប្រភេទហោះហើរ ស្វែងរកចំណី គួរជាទីគយគន់ និងទាក់ទាញបំផុត។

រីឯបរិវេណផ្នែកខាងក្នុងនៃប្រាសាទ ក្រុមការងារប្រចាំការ នៅទីនោះ ក៏តែងកាប់ឆ្ការព្រៃឬមែកឈើ ដែលដុះស៊ុបត្រុប ធ្វើឱ្យភ្ញៀវទេសចរអាច ទស្សនាជុំវិញប្រាសាទនាគព័ន្ធ តាមរយៈវង់ទស្សនាថ្មី។

បើតាមការសង្កេតទូទៅ នៅប្រាសាទនាគព័ន្ធមានប្លង់ សម្រាប់ផ្តិតយករូបភាពស្រស់ស្អាត ជាច្រើនកន្លែង ដែលភ្ញៀវនិយមចូលចិត្ត មកថតរូបអនុស្សាវរីយ៍ មានដូចជា៖ នៅលើស្ពានសម្រាប់ឆ្លងចូលទៅទស្សនាប្រាសាទ ទិដ្ឋភាពថ្ងៃរះ ថ្ងៃលិច និងផ្តិតយករូបភាព ជាមួយប្រាសាទជាដើម។

គួររម្លឹកដែរថា ប្រាសាទនាគព័ន្ធ ត្រូវបានសាងសង់ឡើងនៅរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ នាឆ្នាំ ១១៩១ ដើម្បីឧទ្ទិសថ្វាយ ព្រះពុទ្ធសាសនាមហាយាន។ ប្រាសាទនេះ ត្រូវបានសាងសង់ នៅលើកោះទំហំ ៣៥០ម៉ែត្រ បួនជ្រុង ដែលមានស្រះសន្សំទឹកបរិសុទ្ធ៤ ដោយរៀបចំឲ្យមាន ជាសញ្ញាលេខបូក ជានិមិត្ដរូប នៃមន្ទីពេទ្យ៕