នៅក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហការបង្កើត MRO នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ជាមួយក្រុមហ៊ុន SIA Engineering Company របស់ប្រទេសសិង្ហបុរី កាលពីថ្ងៃទី៣០ ឧសភា កន្លងទៅថ្មីៗនេះ លោកឧកញ៉ា Charlves Vann នាយកក្រុមហ៊ុន Cambodia Airport Investment Co Ltd (CAIC) បានលើកឡើងពីវឌ្ឍនភាពនៃ ការសាងសង់អាកាសយានដ្ឋានថ្មីក្រុងតាខ្មៅ ថាគិតមកដល់ខែឧសភានេះ ការសាងសង់សម្រេចបានប្រមាណ ៥០% ហើយព្រមទាំង បើកដំណើរការជាផ្លូវការ នៅក្នុងឆ្នាំ ២០២៥ ខាងមុខនេះ ទៀតផង។
លោកឧកញ៉ាលើកឡើងឲ្យដឹងថា៖ “បច្ចុប្បន្ន យើងបានសម្រេច ការសាងសង់បានខ្ទង់ ៥០% ហើយយើងកំពុងតែបន្ត និងតាមដានដំណើរការ នៃការងារនេះ ធ្វើយ៉ាងម៉េចឱ្យអាច ដាក់ដំណើរការវាបាន នៅដើមឆ្នាំ២០២៥។”
គូសបញ្ជាក់ឲ្យដឹងដែរថា គម្រោងអាកាសយាន្តដ្ឋានអន្តរជាតិតេជោ ត្រូវបានរាជរដ្ឋាភិបាល ផ្តល់សិទ្ធិឱ្យក្រុមហ៊ុន CAIC ដែលជាក្រុមហ៊ុនបណ្តាក់ទុន រួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC សាងសង់ និងអភិវឌ្ឍអាកាសយានដ្ឋាន អន្តរជាតិតេជោក្រុងតាខ្មៅ នៅខេត្តកណ្តាល និងខេត្តតាកែវ លើផ្ទៃដីទំហំ ២.៦០០ហិចតា ស្ថិតនៅចម្ងាយ ២០គីឡូម៉ែត្រពី ភាគខាងត្បូងរាជធានីភ្នំពេញ។