គម្រោងសាងសង់ផ្លូវលំ ប្រវែងជាង ២០ គីឡូម៉ែត្រ សម្រាប់ឡើងភ្នំត្បែង ជាជំនួយរបស់អាមេរិក (USAID) កំពុងត្រូវបានសិក្សាហើយ!


បើយោងតាម ប្រភពពីមន្ត្រីគម្រោង USAID ព្រៃឡង់បៃតង បានឱ្យដឹង កាលពីថ្ងៃទី ១៣ មិថុនា កន្លងទៅនេះថា ទីភ្នាក់ងារជំនួយអាមេរិក (USAID) កំពុងជួយសហគមន៍ ០៣នៅក្នុងខេត្តព្រះវិហារ ក្នុងការសិក្សាវាយតម្លៃទីតាំងបឋម ដើម្បីសាងសង់ផ្លូវលំ ០១ខ្សែ ប្រវែង ២០,២៣ គីឡូម៉ែត្រ ឡើងទៅលើភ្នំត្បែង ដែលនឹងតភ្ជាប់សហគមន៍ តំបន់ការពារធម្មជាតិ ចាក់អង្រែ តាំងយូ និងដាតាវឹក។

ចម្ងាយផ្លូវដែលកំពុងសិក្សានេះ មានប្រវែងសរុបនៃផ្លូវលំ ដែលសិក្សាថ្មីនេះគឺ ២០,២៣ គីឡូម៉ែត្រ។ ផ្លូវលំ នឹងចាប់ផ្តើមពីចំណុចឡើងភ្នំត្បែង តាមជណ្តើរឈើ ដែលទើបសាងសង់ថ្មីនៅសហគមន៍ចាក់អង្រែ។ នៅលើកំពូលភ្នំផ្លូវលំនេះ នឹងត្រូវធ្វើកាត់តាម លំនាំធម្មជាតិនៃភ្នំ និងជ្រលងភ្នំ ដែលមាននៅលើភ្នំត្បែង។ កន្លែងសម្រាក និងចំណុចចាប់អារម្មណ៍ជាច្រើន នឹងត្រូវបានបញ្ចូលទៅក្នុង ផ្លូវលំថ្មីនេះ សម្រាប់អ្នកឡើងភ្នំ។ នៅតាមផ្លូវលំនេះ នឹងមានទឹកហូរ ទឹកធ្លាក់ ដើមឈើដែលមាន អាយុកាលរាប់រយឆ្នាំ ជម្រកសត្វព្រៃ និងបក្សី ទិដ្ឋភាពថ្ងៃរះ និងថ្ងៃលិច វត្តអារាម និងទីសក្ការៈបូជា ជាដើម។

លើសពីនេះ ចំណុចកណ្តាលនៃផ្លូវលំនេះ គឺជាកន្លែងបោះជំរុំ នៅសហគមន៍តាំងយូ ដែលភ្ញៀវទេសចរអាច ចំណាយពេលគេងមួយ យប់នៅទីនេះ ដែលរៀបចំដោយសហគមន៍ ហើយវាមានទីតាំងស្ថិតនៅលើច្រាំងនៃភ្នំ។ ផ្លូវថ្មីនេះនឹងបញ្ចប់ នៅត្រឹមសហគមន៍ដាតាវឹក ដែលភ្ញៀវទេសចរ នឹងចុះពីភ្នំត្បែងតាមរយៈ ជណ្តើរឈើមួយផ្សេងទៀត។ ផ្លូវលំនេះក៏អាចងាយស្រួល សម្រាប់ការជិះកង់លើភ្នំ ដែលទីនោះក៏មានកង់ សម្រាប់ជួលនៅលើ កំពូលភ្នំត្បែងនេះផងដែរ។

ជាមួយគ្នានេះដែរ ប្រភពដដែលក៏បានបញ្ជាក់ទៀតថា នៅពេលដែលការពិនិត្យ និងវាយតម្លៃបរិស្ថាន សម្រាប់ផ្លូវលំថ្មីនៅលើភ្នំត្បែងនេះ ត្រូវបានបញ្ចប់ សមាជិកសហគមន៍ នឹងដាក់សំណើទៅអាជ្ញាធរឃុំ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ(FAO) ដើម្បីការគាំទ្រហិរញ្ញវត្ថុ ក្នុងការសាងសង់ផ្លូវថ្មីនេះ។