នៅពិធីបិទសន្និបាត បូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ឆមាសទី២ ឆ្នាំ២០២២ ឆមាសទី១ ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៣-២០២៤ ដែលប្រារព្ធឡើងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២១-២២ ខែមិថុនាថ្មីៗនេះ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានផ្ដល់អនុសាសន៍ ឱ្យអង្គសន្និបាត ក្រសួងទេសចរណ៍លើកសំណើ គោរពជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីស្នើសុំទុក អាកាសយានដ្ឋានអន្តរជាតិចាស់ នៅខេត្តសៀមរាប ធ្វើជាសាលសន្និសីទ និងពិព័រណអន្តរជាតិ ក្រោយពេលអាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ ដាក់ឱ្យដំណើរជាផ្លូវការ។


បន្ថែមពីនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានផ្ដល់អនុសាសន៍ ឱ្យអង្គសន្និបាតក្រសួងទេសចរណ៍ លើកសំណើគោរពជូន សម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីពិនិត្យលទ្ធភាពសាងសង់ ពហុកីឡដ្ឋានមួយ នៅទីតាំងក្បែរនោះ ឬទីតាំងសមស្របណាមួយ ដើម្បីបង្កើនផលិតផលទេសចរណ៍ រៀបចំព្រឹត្តិការណ៍ទេសចរណ៍ រួមចំណែកដល់ការទាក់ទាញភ្ញៀវទេសចរ ទៅកាន់ខេត្តសៀមរាប ឲ្យបានកាន់តែច្រើន។




បើគ្មានអ្វីប្រែប្រួលទេ តាមការគ្រោងទុក នាខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី នឹងត្រូវបើកដំណើរការជាផ្លូវហើយ។ អាកាសយានដ្ឋានថ្មីនេះ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd ហៅកាត់ AIAI ក្រោមទុនវិនិយោគប្រមាណ ៨៨០លានដុល្លារ។
គូសបញ្ជាក់បន្ថែមថា អាកាសយានដ្ឋានអន្តរជាតិនេះដែរ លាតសន្ធឹងលើផ្ទៃដីប្រមាណ ៧០០ហិកតា ស្ថិតនៅស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ ពីទីប្រជុំជនក្រុងសៀមរាប និងចម្ងាយ៤០គីឡូម៉ែត្រ ពីរមណីយដ្ឋានបេតិកភណ្ឌអង្គរ៕