នៅលើភពផែនដីយើងនេះ គ្របដណ្ដប់ទៅដោយផ្ទៃទឹកស្ទើរតែ ៧០% ក៏ប៉ុន្តែសម្រាប់ប្រភពទឹកសាបដែលអាចប្រើប្រាស់បាន គឺមានមិនដល់ ៣% ផង ដូចនេះហើយបានជាទន្លេ ដើរតួនាទីយ៉ាងសំខាន់នៅក្នុងទឹកសាប ព្រោះវាជាប្រភពទឹកសាបធំជាងគេ។ លើសពីនេះ ទន្លេក៏ជាផ្លូវទឹកដ៏សំខាន់សម្រាប់ការដឹកជញ្ជូនទំនិញធ្ងន់ៗ និងធ្វើដំណើរដោយមិនចាំបាច់សាងសង់ផ្លូវផងដែរ។ ថ្ងៃនេះ យើងនឹងមកស្គាល់អំពីទន្លេសំខាន់ៗទាំង ១០ នៅលើពិភពលោក ដែលសុទ្ធសឹងជាផ្លូវទឹកសំខាន់ និងបានផ្ដល់ប្រភពយ៉ាងច្រើនដល់ពិភពលោក។
- ទន្លេ Amazon
ទន្លេ Amazon ជាទន្លេដែលធំលំដាប់ទី ១ និងវែងលំដាប់ទី ២ លើពិភពលោក មានប្រវែងវែងដល់ ៦,៤០០ គីឡូម៉ែត្រឯណោះ ដោយហូរកាត់តាមប្រទេស Bolivia, Peru, Colombia, Venezuela, Brazil និងតំបន់អេក្វាទ័រ ហើយវាក៏ចាក់ចេញទៅមហាសមុទ្រអាត្លង់ទិច។ ទន្លេ Amazon បានក្រសោបយកទឹកសាប ១/៥ ទៅហើយនៅលើពិភពលោក ហើយទន្លេនេះក៏ជាប្រភពត្រីជាងច្រើនជាង ៣,០០០ ប្រភេទកំពុងរស់នៅផងដែរ។
- ទន្លេ Nile
ទន្លេនីល ជាទន្លេវែងជាងគេលើពិភពលោក ដែលមានប្រវែង ៦,៦៥០ គីឡូម៉ែត្រហូរកាត់តាំងពីទ្វីបអាហ្វ្រិចខាងកើត រហូតដល់សមុទ្រមីឌីទែរ៉ាណេ។ ទន្លេនីលមានដៃទន្លេ ២ គឺទន្លេនីលខៀវចាប់ផ្ដើមពីបឹង Tana ប្រទេស Ethiopia និងទន្លេនីលស ចាប់ផ្ដើមពីបឹង Great Lakes កណ្ដាលទ្វីបអាហ្វ្រិច។ ទន្លេនីលបានផ្ដល់ប្រវត្តិសាស្ត្រដ៏រុងរឿងដល់ពួកជនជាតិអេហ្ស៊ីបកាលពីសម័យបុរាណ មកដល់បច្ចុប្បន្ននេះក្នុងការប្រកបការដាំដុះដំណាំនៅលើដីមានជីជាតិរបស់វា។
- ទន្លេ Yangtze
ទន្លេ Yangtze គឺជាទន្លេវែងជាងនៅក្នុងប្រទេសចិន និងលំដាប់ទី ៣ នៅលើពិភពលោក ដែលវាលាតសន្ធឹងតាំងពីតំបន់ភ្នំទឹកកកនៅខាងកើតខ្ពស់រាបទីបេ ទៅដល់សមុទ្រចិនខាងត្បូង ដែលមានប្រវែងសរុប ៦,៣០០ គីឡូម៉ែត្រ។ ទន្លេ Yangtze គឺជាប្រភពទឹកដ៏ធំក្នុងប្រទេសចិន ហើយគេក៏បានធ្វើទំនប់វារីអគ្គិសនីដើម្បីផ្គត់ផ្គង់ភ្លើងក្នុងប្រទេសផងដែរ ជាពិសេសទន្លេ Yangtze គឺជាផ្លូវទឹកដ៏សំខាន់សម្រាប់ដឹកនាំចេញចូលទំនិញរវាងចិន និងបរទេសតាមច្រកសមុទ្រចិនខាងកើត។ តំបន់តែស្អាតបំផុតសម្រាប់ទន្លេនេះគឺតំបន់ Yangtze Gorges។
- ទន្លេ Danube
ទន្លេ Danube គឺជាទន្លេសំខាន់បំផុតនៅទ្វីបអឺរ៉ុប ជាទន្លេបែងចែកព្រំប្រទល់លំដាប់ទី ២ នៅទ្វីបអឺរ៉ុបផងដែរ។ វាបានបែងចែករវាងចក្រភពរ៉ូម៉ាំង និងអឺរ៉ុប ដែលចាប់ផ្ដើមហូរតាំងពីព្រៃខ្មៅនៅអាល្លឺម៉ង់ រហូតមកដល់សមុទ្រខ្មៅ ឆ្លងកាត់ ៤ តំបន់ធំៗមានប្រវែង ២,៨៥០ គីឡូម៉ែត្រ។
- ទន្លេ Ganges
ទន្លេ Ganges ត្រូវបានហូរតាំងពីតំបន់ជួរហិម៉ាលៃប្រទេសឥណ្ឌា រហូតដល់តំបន់ដីសណ្ដរ និងដីឥដ្ឋប្រទេស Bengal។ អ្វីដែលសំខាន់បំផុតពីទន្លេនេះគឺនៅក្នុងសាសនាហិណ្ឌូ ទន្លេនេះត្រូវបានចាត់ទុកជាទន្លេទេពដ៏ពិសិដ្ឋរបស់ព្រះ និងមាគ៌ាមួយសម្រាប់អ្នកកាន់សាសនាហិណ្ឌូក្នុងការជ្រមុជទៅក្នុងទន្លេ ដើម្បីអាចជៀសផុតពីបាបកម្ម។ លើសពីនេះ ទន្លេនេះក៏បានផ្ដល់នូវដីមានជីជាតិសម្រាប់ដាំដំណាំ ហើយទីក្រុងអធិរាជបុរាណក៏បានសង់តាមបណ្ដោយទន្លេនេះផងដែរ។
- ទន្លេ មេគង្គ
ទន្លេមេគង្គជាទន្លេវែងបំផុតលំដាប់ទី ១២ និងសំខាន់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដីគោក។ វាមានប្រវែង ៤,៣៥០ គីឡូម៉ែត្រ ដែលហូរតាំងពីខ្ពស់រាបទីបេកាត់តាមតំបន់ Yunnan ប្រទេសចិន, ឡាវ, ថៃ, មីយ៉ាន់ម៉ា, កម្ពុជា និងវៀតណាម។ ទន្លេមេគង្គ អាចហៅបានថាជាអាងស្ដុកទឹកទន្លេមេគង្គដែលមានជីវចម្រុះរស់ នៅយ៉ាងច្រើនបន្ទាប់ពីទន្លេ Amazon និងផ្ដល់ដីមានជីជាតិសម្រាប់ប្រកបការងារដំណាំ លើសពីនេះវាក៏ជាប្រភពទឹកសាបសំខាន់បំផុតរបស់ប្រទេសទាំង ៦ ដែលវាហូរកាត់ផងដែរ។
- ទន្លេ Zambezi
ទន្លេ Zambezi ជាទន្លេវែងទី ៤ ក្នុងទ្វីបអាហ្វិច ដែលមានប្រវែង ៣,៥៤០ គីឡូម៉ែត្រ ហូរចាប់ពីតំបន់ដីភក់ Black wetland ភាគខាងពាយព្យប្រទេស Zambia រត់ទៅដល់ប្រទេស Angola កាត់តាមប្រទេស Botswana, Namibia, Zimbabwe, និងប្រទេស Zambia មួយខ្សែទៀតចាក់ទៅមហាសមុទ្រឥណ្ឌា។ ទន្លេនេះមានជីវចម្រុះជាច្រើនផងដែរ ពិសេសគឺមានដំរីទឹកច្រើនជាងទន្លេដទៃទៀត។ តំបន់ទឹកធ្លាក់ Victoria នៅក្នុងទន្លេ Zambezi ក៏បានជាប់ក្នុងតារាងទឹកធ្លាក់អស្ចារ្យបំផុតទាំង ១០ លើលោកផងដែរ។
- ទន្លេ Volga
សហភាពអឺរ៉ុបចាត់ទុក Volga ជាទន្លេវែងបំផុតរបស់គេ ចំណែកសហព័ន្ធរុស្ស៊ីចាត់ទុកវាជាទន្លេសំខាន់បំផុតក្នុងប្រទេសរបស់គេ។ នៅក្នុងប្រទេសរុស្ស៊ី មានរដ្ឋធានីធំៗចំនួន ២០ ហើយនៅក្នុងនោះ ១១ រដ្ឋធានាស្ថិតនៅតាមបណ្ដោយទន្លេនេះ រួមទាំងទីក្រុង Moscow ផងដែរ។ ទន្លេ Volga បានហូរកាត់ចាប់ពីតំបន់ភ្នំ Valday កម្ពស់ ២២៥ ម៉ែត្រលើនីវ៉ូទឹកសមុទ្រ ភាគពាយព្យប្រទេសរុស្ស៊ី ហូរទៅកាន់សមុទ្រ Caspian Sea ប្រវែង ៣,៦៤៥ គីឡូម៉ែត្រ ដែលជាផ្លូវទឹកដឹកទំនិញដ៏សំខាន់ក្នុងប្រទេសរុស្ស៊ីផងដែរ។
- ទន្លេ Mississippi
ទន្លេ Mississippi គេចាត់ទុកជាប្រព័ន្ធធារាសាស្ដ្រធំជាងគេបំផុតនៅអាមេរិចខាងជើង និងសហរដ្ឋអាមេរិចទាំងមូលប្រៀបដូចជាសរសៃឈាមអញ្ចឹង។ ទន្លេនេះចាប់ផ្ដើមហូរពីបឹង Itasca Lake ទៅដល់ឈូងសមុទ្រម៉ិចស៊ិចកូ New Orleans មានប្រវែង ៣,៧៣០ គីឡូម៉ែត្រ។ ទន្លេ Mississippi នេះក៏ជាផ្លូវជំនួញដ៏ធំមួយផងដែរក្នុងទ្វីបអាមេរិច ចាប់តាំងពីឆ្នាំ ១៨២០ មកម្ល៉េះ ដោយគេតែងតែផ្ទុកទំនិញតាមកប៉ាល់ដូចជា ឈើ កប្បាស ស្រូវ និងផលិតផលអាហារជាច្រើនទៀត។
- ទន្លេ Sepik
ទន្លេដែលវែងបំផុតក្នុងប្រទេស New Guinea គឺទន្លេ Sepik នេះតែម្ដង វាមានរូបរាងកាច់កោងដូចពស់ និងហ៊ុំព័ទ្ធដោយព្រៃស្រដៀងនឹងទន្លេ Amazon ដែរ ថែមទាំងមានជនជាតិភាគតិចរស់នៅយ៉ាងច្រើនទៀតផងតាមបណ្ដោយទន្លេនេះ។ ទន្លេនេះមានប្រវែង ១,១២៦ គីឡូម៉ែត្រ ប៉ុន្តែវាមិនមានច្រាំងដីសណ្ដរដូចជាទន្លេដទៃទៀតនោះទេ ចំណែកទំហំទន្លេនៃអាងស្ដុកទឹករបស់វាគឺទំហំ ៨០,៣២១ គីឡូម៉ែត្រការ៉េ ដោយអំណោយផលល្អសម្រាប់ប្រទេសទាំងមូល។