ខេត្តកោះកុង៖ «ឆាយកី» ជារមណីយដ្ឋានធម្មជាតិមួយ ដែលមានភ្ញៀវទេសចរតិចតួចណាស់ បានស្គាល់ពីទីកន្លែងនេះ។ មិនថាភ្ញៀវជាតិ ឬ ភ្ញៀវអន្តរជាតិនោះទេ ក៏មិនសូវស្គាល់ពីទីកន្លែងធម្មជាតិ មួយនេះឡើយ។ ឆាយកី មានទីតាំងស្ថិតនៅ ក្នុងឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។
នៅតាមផ្លូវ ភ្ញៀវទេសចរអាចទស្សនា បាននូវព្រៃឈើដ៏ខៀវស្រងាត់ នារដូវវស្សា និង អាចទស្សនាចំការដំណាំ ហូប ផ្លែ វាលស្រែចំការ នៅតាមដងផ្លូវ ពេលទៅដល់ទីនោះ ពួកគេក៏នឹងឃើញ ទឹកធ្លាក់ដ៏ស្រស់ស្អាត កំពុងលាក់ខ្លួននៅក្នុងជ្រលងភ្នំនៃ ជួរភ្នំក្រវាញខាងត្បូង ទឹកត្រជាក់ដូចទឹកកក ព្រមទាំងមានដើមឈើ ជុំវិញដ៏ខៀវស្រងាត់ សំលេងសត្វបក្សាបក្សី យំឮអឺងកងពេញព្រៃ ខ្យល់អាកាសត្រជាក់ ជាប់ចិត្តដិតអារម្មណ៍។ អ្នកដែលបានទៅដល់ ទីនោះហើយ គឺច្បាស់ជាមិនចង់ ត្រលប់មកផ្ទះវិញឡើយ។
ភ្ញៀវទេសចរ អាចធ្វើដំណើរពីភ្នំពេញ ឆ្ពោះទៅកាន់ស្រុកស្រែអំបិល ខេត្តកោះកុង ហួសស្ពានស្រែអំបិលបន្តិច ប្រហែលជាង ៥០មែត្រ មានផ្លូវក្រាលគ្រួសក្រហម បត់ស្ដាំ ពីស្ពានស្រែអំបិលទៅកាន់ ឆាយកី មានចម្ងាយប្រមាណ ២១៤ គីឡូមែត្រពីរាជធានីភ្នំពេញ ចម្ងាយប្រមាណ ៧២គីឡូមែត្រ ពីស្ពានស្រែអំបិលខេត្តកោះកុង និងចម្ងាយប្រមាណ ជាង ២២គីឡូមែត្រ ពីសហគមន៍អេកូទេសចរណ៍ ឆាយរាប ។
យ៉ាងណា គួរបញ្ជាក់ផងដែរថា ឆាយរាប មិនមែនជាឈ្មោះភូមិ ឃុំ ឬស្រុកឡើយ ជាឈ្មោះសម្ងាត់ ហៅតៗគ្នា ក្នុងកំឡុងពេលសង្គ្រាម នៃរបបប្រល័យពូជសាស្រ្ត ខ្មែរក្រហម មកម៉្លេះ។
ដោយឡែក សម្រាប់ស្ថានភាពផ្លូវធ្វើដំណើរ គឺថាភ្ញៀវទេសចរអាចធ្វើដំណើរ ដោយជិះម៉ូតូ កង់ គោយន្ដ ឬរថយន្ដបែប Off-road ផងដែរ។