ភ្នំពេញ៖ ថ្មីៗនេះ កាលពីថ្ងៃទី ២៦ មិថុនាកន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគ ដោយក្រុមហ៊ុនធំមួយឈ្មោះ Metal Jewelry(Cambodia) Co., Ltd បានវិនិយោគទឹកប្រាក់ប្រមាណ ៩ លានដុល្លារ ដើម្បីបង្កើតរោងចក្រ កែច្នៃ និងតម្លើងគ្រឿងអលង្ការ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ភ្នំពេញ សម្រាប់នាំទៅកាន់ទីផ្សារអន្តរជាតិ។
រោងចក្រថ្មីនេះ ក៏នឹងអាចបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ ក្នុងតំបន់ប្រមាណ ៤៣៤ កន្លែងផងដែរ។
ក្នុងឱកាសនោះដែរ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ឧកញ៉ាលឹម ហេង បានលើកឡើងដោយសុទិដ្ឋិនិយមថា ថ្មីៗនេះកម្ពុជាទាក់ទាញ ការវិនិយោគថ្មីៗជាច្រើន ក្នុងវិស័យផ្សេងៗក្រៅពីវិស័យកាត់ដេរ ដែលវានឹងនាំមកនូវបច្ចេកវិទ្យា និងជំនាញថ្មីៗក្នុងឧស្សាហកម្មមួយនេះ។
លោកបានថ្លែងបន្តឲ្យដឹងថា “វាជាព័ត៌មានដ៏ល្អមួយ សម្រាប់ប្រទេសយើង ជុំវិញការបង្កើតរោងចក្រគ្រឿង អលង្ការថ្មីក្រៅពីកាត់ដេរ។ ខ្ញុំសង្កេតឃើញថា ថ្មីៗនេះយើងទាក់ទាញបាន ការវិនិយោគថ្មីៗជាច្រើន រួមទាំងរោងចក្រដំឡើងរថយន្ត រោងចក្រកែច្នៃសម្បកកង់រថយន្ត រោងចក្រកែច្នៃកសិកម្ម និងរោងចក្រកែច្នៃគ្រឿងអលង្ការ ដែលមានភាពវិជ្ជមានខ្លាំង ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចរបស់យើង។”
គួររម្លឹកដែរថា ក្រសួងរ៉ែ និងថាមពលបានលើកឡើង កាលពីថ្ងៃទី ១១ មិថុនាកន្លងមកថា កម្ពុជាផលិតបានដុំមាស ៦.៧២៧,៧០ គីឡូក្រាម ដែលមានគុណភាព ៩០% តាមរយៈក្រុមហ៊ុន Renai-ssance Minerals (Cambodia) Ltd បន្ទាប់ពីក្រុមហ៊ុនបានចាប់ផ្តើម ដំណើរការចម្រាញ់ ក្នុងរយៈពេលជិត ៣ឆ្នាំកន្លងមក៕