កម្ពុជា បង្កើតគណកម្មការអន្តរក្រសួង ជំរុញអនុវត្តគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប


រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ក្រោមចំណារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីជំរុញនូវដំណើរការអនុវត្ត គម្រោងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវល្បឿនលឿន (expressway) តភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប ដែលស្នើសុំវិនិយោគ ដោយក្រុមហ៊ុន China Road and Bridge Corporation (CRBC) ក្រោមទម្រង់វិនិយោគ សាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ (BOT) នឹងអនុវត្តនាពេលខាងមុខ។

នៅក្នុងសេចក្ដីសម្រេចនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចាត់តាំងថ្នាក់ដឹកនាំ ក្រសួងចំនួន ៧ និងថ្នាក់ដឹកនាំរដ្ឋបាលរាជធានីខេត្តចំនួន ៥ ដើម្បីដឹកនាំដំណើរការអនុវត្ត ក្នុងនោះ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវបានតែងតាំងជា ប្រធានគណៈកម្មការ អនុវត្តគម្រោង ហើយដំណើរការការងារមានដូចតទៅ៖

១. ពិនិត្យផ្ដល់យោបល់អំពីនីតិវិធី ក្របខណ្ឌគតិយុត្ត និងរូបភាពនៃការវិនិយោគ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប
២. ជំរុញគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប អោយបានសម្រេចជាស្ថាពរ ដើម្បីរួមចំណែកពន្លឿន ការអភិវឌ្ឍច្រករបៀងរាជធានីភ្នំពេញ-ខេត្តសៀមរាប
៣. ធ្វើរបាយការណ៍ និងលទ្ធផលការងារជូន ប្រមុខរាជរដ្ឋាភិបាល ដើម្បីត្រួតពិនិត្យនិងសម្រេច

សូមបញ្ជាក់ផងដែរថា ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប គឺជាខ្សែផ្លូវល្បឿនលឿនទី៣ នៅកម្ពុជា បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដោយគម្រោងនេះត្រូវបាន ចុះហត្ថលេខាលើ ក្របខ័ណ្ឌសាងសង់ BOT រវាងរាជរដ្ឋាភិបាល និងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន កាលពីខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ។

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប នឹងត្រូវបើកការដ្ឋានសាងសង់ យ៉ាងយូរត្រឹមឆ្នាំ២០២៤ ខាងមុខ ដែលមានប្រវែងសរុបជាង ២៥០ គីឡូម៉ែត្រ ក្នុងដំណាក់កាលទី១។ ចំណែកដំណាក់កាលទី២ នឹងត្រូវសាងសង់ ផ្លូវល្បឿនលឿនសៀមរាប-ប៉ោយប៉ែត ដែលមានប្រវែងប្រមាណ ១៥០ គីឡូម៉ែត្របន្ថែមទៀត សរុបខ្សែផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត មានប្រវែង ៤០០ គីឡូម៉ែត្រ និងចំណាយថវិកាប្រមាណ ៤ ពាន់លានដុល្លារ។