គ្រឹះស្ថានអង្គរ៖ ឧទ្យានបុរាណអង្គរ បានទទួលភ្ញៀវទេសចរបរទេស មកកម្សាន្តប្រមាណជិត ៥០ ម៉ឺននាក់ ក្នុងរយៈពេល ៨ ខែនៃឆ្នាំ ២០២៣ នេះ


ខេត្តសៀមរាប៖ បើយោងសេចក្តីប្រកាសព័ត៌មានមួយ ដែលបានចេញផ្សាយកាលពីថ្ងៃ ៤ កញ្ញាកន្លងទៅនេះ ដោយគ្រឹះស្ថានអង្ករបានឲ្យដឹងថា ក្នុងរយៈពេល ៨ ខែនៃឆ្នាំ ២០២៣ នេះ ឧទ្យានបុរាណអង្គរ បានទទួលភ្ញៀវទេសចរបរទេស មកកម្សាន្តជិតកន្លះលាននាក់។

ជាក់ស្តែង ក្នុងរបាយការណ៍នោះ បានអោយដឹងទៀតថា ភ្ញៀវបរទេសចំនួន ៤៩៨ ៥១៣ នាក់បានមកទស្សនាតំបន់អង្គរ ក្នុងអំឡុងពេលខែមករាដល់ខែសីហា កើនឡើងគួរឱ្យកត់សម្គាល់នៃ ៣៥០,៨% ពី ១១០ ៥៧០នាក់ ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

តំបន់អង្គរកចំណូលបាន ២៣,០៩ លានដុល្លារ ពីការលក់សំបុត្រក្នុងអំឡុងពេល ៨ ខែដែលកើនឡើង ៤២០% ពីចំនួន ៤,៤៤ លានដុល្លារ។
ដោយឡែក នៅក្នុងខែសីហាកន្លងទៅនេះមិញ តំបន់អង្គរបានស្វាគមន៍ ភ្ញៀវទេសចរបរទេសចំនួន ៥៩ ១៤៨ នាក់ ដែលរកចំណូលបាន ២,៧៧ លានដុល្លារ ពីការលក់សំបុត្រ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន។

បើតាម ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានចាត់ទុកថា កំណើនដ៏ខ្លាំងនេះ គឺបណ្តាលមកពីការបន្ធូរបន្ថយ វិធានការណ៍ធ្វើដំណើរ ក្នុងសម័យជំងឺរាតត្បាតកូវីដ-១៩។

ឯកឧត្តមបានប្រាប់ឲ្យដឹងបន្ថែមថា “យើងសង្ឃឹមថា ភ្ញៀវទេសចរបរទេស កាន់តែច្រើននឹងមកកម្ពុជា ជាពិសេសទៅទស្សនាតំបន់អង្គរ ក្នុងប៉ុន្មានឆ្នាំខាងមុខ ដោយសារក្រុមហ៊ុនអាកាសចរណ៍ ជាច្រើនបានបើក ជើងហោះហើររបស់ពួកគេ ឡើងវិញមកកម្ពុជា”។

គូសសម្គាល់ដែថា ស្ថិតនៅភាគពាយព្យ នៃខេត្តសៀមរាប ឧទ្យានបុរាណអង្គរទំហំ ៤០១ គីឡូម៉ែត្រការ៉េ ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ ក្នុងឆ្នាំ១៩៩២ គឺជាគោលដៅទេសចរណ៍ ពេញនិយមបំផុតនៅកម្ពុជា។