បាងកក ក្លាយទៅជាទីក្រុងទេសចរណ៍ លំដាប់កំពូល ក្នុងឆ្នាំ២០២៣


តាមរយៈកំណែទម្រង់ ទិដ្ឋាការបណ្ដោះអាសន្ន និងការរៀបចំគោលនយោបាយ ទេសចរណ៍ថ្មី ប្រទេសថៃ រំពឹងអាចទទួលបាន ភ្ញៀវទេសចរអន្តរជាតិចំនួន ២៩ លាននាក់ ហើយបាងកក នឹងក្លាយទៅជាទីក្រុងទេសចរណ៍ លំដាប់កំពូលនៅលើពិភពលោក ក្នុងឆ្នាំ២០២៣ ដោយទំលាក់ទីក្រុងប៉ារីស ទីក្រុងឡុងដ៍ ទីក្រុងឌូបៃ និងសិង្ហបុរី នៅក្នុងតារាង ទីក្រុងទេសចរណ៍កំពូលទាំង ៥ (Top 5)។

បច្ចុប្បន្ន រាជរដ្ឋាភិបាលថៃ បានលើកលែងទិដ្ឋាការបណ្ដោះអាសន្នចំពោះ ៥០ ប្រទេសនិងតំបន់ ដែលអាចមកកម្សាន្ដ នៅប្រទេសថៃ អាចបានរហូតដល់ ៣០ ថ្ងៃ ហើយចាប់ពីថ្ងៃទី២៥ ខែកញ្ញា រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៤ រាជរដ្ឋាភិបាលថៃ នឹងលើកលែងទិដ្ឋាការ បណ្ដោះអាសន្នចំពោះ ភ្ញៀវទេសចរមកពី ប្រទេសចិន និងប្រទេសកាហ្សាក់ បន្ថែមទៀត ក្នុងរដូវទេសចរណ៍ខ្ពស់ (High season) ដើម្បីទាក់ទាញភ្ញៀវទេសចរចិន អោយបានយ៉ាងតិច ៥ លាននាក់ ក្នុងឆ្នាំ២០២៣។

រយៈពេល ៨ ខែ ឆ្នាំ២០២៣ ប្រទេសថៃ ទទួលបានភ្ញៀវទេសចរសរុប ១៧,៩ លាននាក់ ដែលបានកើនឡើងជាង ៥០០% ធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ក្នុងនោះ ភ្ញៀវទេសចរដែលធ្វើដំណើរ មកកាន់ប្រទេសថៃច្រើនជាងគេ មានដូចជា៖ ម៉ាឡេស៊ី ចិន រុស្ស៊ី កូរ៉េខាងត្បូង និងឥណ្ឌា។ ប្រទេសថៃ បានស្វាគមន៍ ភ្ញៀវទេសចរចិន ២,២ លាននាក់មកហើយ រយៈពេល ៨ ខែដំបូង ចំណែកការផ្ដល់ទិដ្ឋាការ សម្រាប់ជនជាតិចិន និងកាហ្សាក់ នាពេលខាងមុខ គេរំពឹងថានឹងជួយសម្រួលដល់ ទេសចរដំណើរកម្សាន្ដ ទេសចរជំនួញ និងធុរជន កាន់តែច្រើនសម្រាប់ ស្ដារសេដ្ឋកិច្ចក្រោយជំងឺកូវីដ-១៩។

ប្រទេសថៃ បានធ្វើកំណែទម្រង់គោលនយោបាយ ទេសចរណ៍ថ្មី ក្នុងគោលបំណងស្ដារ សេដ្ឋកិច្ចប្រទេសឡើងវិញ ស្របពេលដែលការនាំចេញ ទំនិញពីប្រទេសថៃ កំពុងមានការធ្លាក់ចុះ។ សូមបញ្ជាក់ថា សេដ្ឋកិច្ចប្រទេសថៃ ពឹងផ្អែកស្ទើរតែ ៦០% ទៅលើពាណិជ្ជកម្មការនាំចេញ ចំណែកឧស្សាហកម្មទេសចរណ៍ ក្ដោបសេដ្ឋកិច្ចជាតិប្រមាណ ១៨% កាលពីឆ្នាំ២០២២។

គួររំលឹកថា កាលពីឆ្នាំ២០២២ ប្រទេសថៃ ទទួលបានភ្ញៀវទេសចរប្រមាណ ១១,៥ លាននាក់ប៉ុណ្ណោះ បើធៀបទៅនឹងឆ្នាំ២០១៩ ធ្លាប់ទទួលបានដល់ ៣៩ លាននាក់។ ចំណែកឆ្នាំ២០២៣ ប្រទេសថៃ រំពឹងទទួលបាន ទេសចរអន្តរជាតិ ២៩ លាននាក់ ដែលឆ្ពោះទៅរកគោលដៅ ទេសចរណ៍មុនវិបត្តិកូវីដ-១៩ ត្រឹមរយៈពេល ៣ ទៅ ៤ ឆ្នាំខាងមុខ។