ថ្លៃសេវាកម្មអ្នកដំណើរ និងសេវាកម្មអាកាសចរណ៍ ពាក់ព័ន្ធមួយចំនួន របស់កម្ពុជា ត្រូវបានសម្រេចឡើងថ្លៃ ក្នុងរយៈពេល ៥ ឆ្នាំ!


រាជធានីភ្នំពេញ៖ ក្រុមហ៊ុនសម្បទានព្រលានយន្តហោះ SCA បានដំឡើងថ្លៃសេវាកម្ម អ្នកដំណើរតាមផ្លូវអាកាស និងសេវាកម្មអាកាសចរណ៍ ពាក់ព័ន្ធមួយចំនួន ដោយត្រូវអនុវត្តការដំឡើងថ្លៃនេះ រយៈពេល៥ឆ្នាំ នេះបើយោងតាម សេចក្តីសម្រេចរបស់ រាជរដ្ឋាភិបាលកម្ពុជា។

ជាក់ស្តែង សេចក្តីសម្រេចនេះ ធ្វើឡើងតាមរយៈ សជណ ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ស្តីពីករណីសុំដំឡើថ្លៃ សេវាកម្មអ្នកដំណើរ និងសេវាកម្មអាកាសចរណ៍ ពាក់ព័ន្ធរួមមាន (ថ្លៃចុះចត ថ្លៃចំណត និងថ្លៃប្រើប្រាស់ភ្លើង និងស្ពានតភ្ជាប់មកយន្តហោះ) របស់ក្រុមហ៊ុនសម្បទាន ព្រលានយន្តហោះ SCA។
សេចក្តីសម្រេច សជណ នេះ លើកឡើងថា៖ “រាជរដ្ឋាភិបាលយល់ព្រម ឱ្យក្រុមហ៊ុនសម្បទានព្រលានយន្តហោះ SCA ដំឡើងថ្លៃសេវាកម្មចាំបាច់មួយចំនួន រយៈពេល៥ឆ្នាំ គិតចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៨”។

ក្នុងនោះដែរ ថ្លៃសេវាកម្មអ្នកដំណើរអន្តរជាតិ សម្រាប់មនុស្សពេញវ័យ ជនជាតិកម្ពុជា ២៣ដុល្លារ កើនឡើងពី ១៨ដុល្លារ និងជនជាតិបរទេស ៣០ដុល្លារ កើនឡើងពី២៥ដុល្លារ។ ដោយឡែក សេវាកម្មអ្នកដំណើរអន្តរជាតិ សម្រាប់កូនក្មេង អាយុក្រោម១២ឆ្នាំជនជាតិកម្ពុជា ១៥ដុល្លារ កើនឡើងពី១០ ដុល្លារ និងជនជាតិបរទេស ១៨ដុល្លារ កើនពី១៣ដុល្លារ។

យ៉ាងណា អ្នកដំណើរក្នុងស្រុក (អ្នកដំណើរទាំងអស់) ទាំងជនជាតិកម្ពុជា និងជនបរទេស រក្សាថ្លៃសេវាកម្មអ្នកដំណើរនៅដដែល គឺ ៥ដុល្លារ និង៦ដុល្លារ រៀងៗគ្នា។

បន្ថែម ចំពោះថ្លៃចុះចត ថ្លៃចំណត និងថ្លៃប្រើប្រាស់ភ្លើង និងស្ពានតភ្ជាប់មកយន្តហោះ ដំឡើងពី ៤៤៥ដុល្លារ ទៅ ៥៧៨ ដុល្លារ ក្នុងយន្តហោះ១គ្រឿង ដែលគិតជាមធ្យម ដំឡើងប្រមាណ ១៣៣ដុល្លារ លើតម្លៃចាស់។