ភ្នំពេញ៖ លោក អ៉ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋាន ធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី ២៥ កញ្ញាថ្មីៗនេះ បានថ្លែងប្រាប់បញ្ជាក់ឲ្យដឹងថា “គិតត្រឹមថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុនទាំង៦ បានផលិតដុំមាស ចំនួន៩១៩ដុំ ស្មើនឹងជាង ៨ ២៨៨គីឡូក្រាម និងបានបង់សួយសារ ជាង១៣លានដុល្លារ។”
លោក ក៏បាននិយាយបន្ថែមឲ្យដឹងផងដែរថា ក្រុមហ៊ុនចំនួន៦ ដែលកំពុងតែចម្រាញ់រ៉ែមាស នៅក្នុងប្រទេសកម្ពុជា រួមមាន៖
ទី១៖ ក្រុមហ៊ុន Renaissance Minerals (Cambodia) Ltd ស្ថិតក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី
ទី២៖ ក្រុមហ៊ុន Xinshan ស្ថិតនៅក្នុងតំបន់ភ្នំម្លុង ខេត្ដព្រះវិហារ
ទិ៣៖ ក្រុមហ៊ុន ឌែលខម (Delcom Cambodia) ស្ថិតនៅក្នុងតំបន់ភ្នំម្លុង ខេត្ដព្រះវិហារ
ទី៤៖ ក្រុមហ៊ុន Rong Cheng ស្ថិតនៅតំបន់ចុងផ្លាស់ ខេត្ដមណ្ឌលគិរី
ទី៥៖ ក្រុមហ៊ុន Xing Yuan ស្ថិតនៅតំបន់អូរត្រូន ខេត្តក្រចេះ
ទី៦៖ ក្រុមហ៊ុន LATE CHENG MINING DEVELOPMENT CO., LTD ស្ថិតតំបន់ភ្នំជី ខេត្តកំពង់ធំ។
ដូចគ្នានោះដែរ ក្រុមហ៊ុនទាំង ៦ នេះ កំពុងតែចម្រាញ់រ៉ែមាស ទៅតាមផែនការ ដែលឯកភាព ជាមួយនឹងក្រសួងរ៉ែ និងថាមពល ហើយអនុលោមទៅតាមច្បាប់ និងបទបញ្ញាត្ដិជាធរមាននានា ដោយមិនមានជាបញ្ហាអ្វីនោះទេ។
ក្នុងចំណោមក្រុមហ៊ុនទាំង ៦ នេះ គឺក្រុមហ៊ុន Renaissance Minerals នៅខេត្តមណ្ឌលគិរី ទទួលបានទិន្នផលខ្ពស់ជាងគេ ប្រមាណជាង ៧ ៨៤៦គីឡូក្រាម ខណៈ ៥ ក្រុមហ៊ុនទៀត ទទួលបានផលតិចតួចប៉ុណ្ណោះ។