ខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ ខេត្តសៀមរាប កំពុងទាក់ទាញចំណាប់អារម្មណ៍ ទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រោះតែសម្រស់និងភាពស្រស់ស្អាត គួរជាទីគយគន់


ខេត្តសៀមរាប៖ ដូចដែលយើងទាំងអស់គ្នា បានដឹងស្រាប់មកហើយថា តាកាវ គឺជាឈ្មោះខ្លោងទ្វារមួយស្ថិតនៅ ទិសខាងលិចរបស់ក្រុងអង្គរធំ ក្នុងចំណោមខ្លោងទ្វារចំនួន ៤ផ្សេងទៀត ដែលកំពុងទាក់ទាញ ឱ្យភ្ញៀវទេសចរជាច្រើន ទៅទស្សនា និងថតយករូបអនុស្សាវរីយ៍ ស្ទើរតែជារៀងរាល់ថ្ងៃ។

ដោយតាមការចុះផ្សាយព័ត៌មាន ពីអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ក្រោយពីក្រុមអ្នកជំនាញនៃ អាជ្ញាធរជាតិអប្សរា ធ្វើការជុសជុលខ្លោងទ្វារតាកាវ ឱ្យរួចផុតពីភាពទ្រុឌទ្រោមរួចមក ខ្លោងទ្វារនេះ បានបញ្ចេញសម្រស់រឹតតែស្រស់ស្អាត និងពោពេញដោយភាពទាក់ទាញ។

លោក លៀស គឹមលេខ អនុប្រធានភ្នាក់ងារទេសចរណ៍ ដែលប្រចាំការនៅខ្លោងទ្វារតាកាវ បានមានប្រសាសន៍ថា ជារៀងរាល់ថ្ងៃ ភ្ញៀវទេសចរតែងទៅ ទស្សនាខ្លោងទ្វារនេះ ហើយបានដក់ចិត្តជាមួយ នឹងការថតរូបមិនចេះណាយ ដោយសារតែខ្លោងទ្វារតាកាវ មានកំពូលព្រហ្មមុខ៤ ញញឹមស្វាគមន៍ ដោយមានកសិន្ធុទឹកព័ទ្ធជុំវិញ មានដើមឈើតូចធំ ដុះផ្តុំគ្នាបង្កើតជាទេសភាព ដ៏ទាក់ទាញយ៉ាងល្អឯក។

លោក បានឱ្យដឹងទៀតថា នៅខ្លោងទ្វារតាកាវ មានលក្ខណៈពិសេសម្យ៉ាងទៀត គឺនៅពេលព្រះអាទិត្យរៀបលិច មានពន្លឺចាំងពីលិច រំលេចចេញទៅជាពណ៌មាស ក្រាលគ្របលើកំពូល សំណង់បុរាណមួយនេះ  ដែលបង្កើតទៅជាសម្រស់ ដ៏ស្រស់ស្អាត សម្រាប់ភ្ញៀវទេសចរឱ្យមកទស្សនា ព្រមទាំងថតរូបភាព មិនសូវអាក់ខាន។

ដោយសារតែខ្លោងទ្វារតាកាវ កំពុងទាក់ទាញភ្ញៀវទេសចរដូចនេះ ភ្នាក់ងារទេសចរណ៍ដែលប្រចាំការ នៅទីនេះ តែងតែជួយសម្របសម្រួលដល់ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដោយរៀបចំដាក់ស្លាកសញ្ញា ឱ្យដឹងពីកន្លែងទស្សនា និងកន្លែងគ្រោះថ្នាក់ជាដើម។

ជាពិសេស សំណូមពរដល់ភ្ញៀវជាតិ និងអន្តរជាតិ កុំឡើងជាន់លើដំបូល នៃស្លាបរបស់តួខ្លោងទ្វារ គោរពតាមស្លាកសញ្ញា និងក្រមប្រតិបត្តិអង្គរ ចៀសវាងមានបញ្ហាប៉ះពាល់ដល់ប្រាសាទ និងគ្រោះថ្នាក់ដោយយថាហេតុផ្សេងៗ។

* រូបភាពពីអាជ្ញាធរជាតិអប្សរា