ខេត្តកំពត គ្រោងនឹងធ្វើឲ្យព្រែកទាំងអស់របស់ខ្លួន ក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិ!


កំពត៖ ដូចដែលយើងទាំងអស់គ្នា បានដឹងរួចមកហើយថា ខេត្តកំពត ជាខេត្តមួយក្នុងចំណោម ខេត្តទាំងបួន ដែលជាប់នឹងតំបន់ឆ្នេរ ខេត្តមួយនេះសម្បូរទៅដោយ ព្រែកជាច្រើន ដែលអាចកែច្នៃ ទៅជាតំបន់ទេសចរណ៍ធម្មជាតិ ទាក់ទាញបំផុត។

បើយោងតាម ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានថ្លែងក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត កាលពីថ្ងៃទី៧ វិច្ឆិកា បានលើកឡើងថា ខេត្តកំពត សម្បូរទៅដោយតំបន់ទេសចរណ៍ ដ៏គួឱ្យទាក់ទាញ។ វិស័យទេសចរណ៍ ជាឧស្សាហកម្មគ្មានផ្សែង និងជាប្រភពចំណូល មិនចេះរីងស្ងួត។ ដូច្នេះត្រូវតែមានគំនិត ក្នុងការកែច្នៃនូវទីតាំងនានា ដែលអំណោយផលដល់វិស័យនេះ ពិសេសព្រែកនៅក្នុងខេត្តទាំងអស់។

ឯកឧត្តម បាននិយាយថា “រដ្ឋបាលខេត្តគ្រោងនឹងសិក្សា ពិនិត្យលើព្រែកទាំង១៣ ដែលមាននៅក្នុងខេត្ត ដើម្បីកែច្នៃធ្វើយ៉ាងណា ឱ្យក្លាយទៅជាតំបន់ទេសចរណ៍ បែបធម្មជាតិ ហើយក្នុងនោះ ការអភិរក្សនូវរុក្ខជាតិសមុទ្រ កុំឱ្យបាត់បង់ជាការចាំបាច់។ ចំណីព្រែកដែលជា ដីសាធារណៈរបស់រដ្ឋ មិនត្រូវឱ្យបាត់បង់ ហើយដីចំណីព្រែកទាំងអស់ នឹងត្រូវយកមកបម្រើ ផលប្រយោជន៍សាធារណៈ និងសម្រាប់ពង្រីកជា តំបន់ ទេសចរណ៍នៅលើព្រែកទាំងនោះ”។

គូសសម្គាល់ដែរថា សព្វថ្ងៃនេះ ខេត្តកំពត មានការកើនឡើង នូវតំបន់លម្ហែរ សម្រាប់ទទួលភ្ញៀវទេសចររហូតដល់ ៣៦កន្លែង។ មណ្ឌលកម្សាន្តទាំងនោះ រួមមាន រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ រមណីយដ្ឋានធម្មជាតិ រមណីយដ្ឋានកែច្នៃ សហគមន៍ទេសចរណ៍ ព្រមទាំងគោលដៅទេសចរណ៍ ដ៏ទាក់ទាញ ក៏ដូចជាទីតាំងបោះតង់ សម្រាប់បម្រើភ្ញៀវជាតិ និងអន្តរជាតិទៀតផង។