ភ្នំពេញ៖ គម្រោងសណ្ឋាគារអន្តរជាតិ ដ៏ទំនើបកម្រិតផ្កាយ ៥ ថ្មី ដែលមានឈ្មោះថា Marriott International Hotel វិនិយោគដោយក្រុមហ៊ុនអភិវឌ្ឍ KHOU TOWER CO., LTD របស់ ឧកញ៉ា លាង ហ៊ី និង លោកជំទាវ ហេង សុកគៀង បានចាប់ផ្ដើមរៀបចំកម្មវិធីបុកគ្រឹះ បើកការដ្ឋានសាងសង់ហើយ កាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។
គូសសម្គាល់ឲ្យដឹងដែរថា សណ្ឋាគារថ្មីនេះ នឹងមានទីតាំងស្ថិតនៅអគារ #៥៤, មហាវិថីព្រះមុនីវង្ស កែងផ្លូវ ៨៨ និងផ្លូវ ៧៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រោមទុនវិនិយោគ ៨៤,៥ លានដុល្លារឯណោះ។
សណ្ឋាគារថ្មី Marriott International Hotel នឹងមានកម្ពស់១៦៦ម៉ែត្រ ស្មើ៤៥ជាន់ មានបន្ទប់សរុបចំនួន ២៣៧បន្ទប់ នៅពេលសាងសង់រួចរាល់ ហើយជាពិសេស នៅពេលបើកដំណើរការ ក៏ត្រូវបានគេរំពឹងថា នឹងអាចបង្កើតឱកាសការងារបានចំនួន ៨៥៥កន្លែង សម្រាប់ប្រជាពលរដ្ឋ នៅក្នុងតំបន់ទៀតផង។
គួររម្លឹកដែរថា ទៅលើគម្រោងសណ្ឋាគារ ដ៏ទំនើបមួយនេះ ក្រុមហ៊ុន KHOU TOWER CO., LTD ទើបទទួលបានការចុះបញ្ជី ពីគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី២៨ សីហា ២០២៣ កន្លងទៅនេះ។