ចាប់ពីថ្ងៃ ១មករាឆ្នាំ២០២៤ ខាងមុខ កម្ពុជា នឹងដាក់ឱ្យដំណើរការសាកល្បង នូវប្រព័ន្ធអេឡិចត្រូនិក សលាកបត្រចូលប្រទេសកម្ពុជា មុនពេលមកដល់ សម្រាប់អ្នកដំណើរទាំងអស់!


ភ្នំពេញ៖ បើយោងតាមទីភ្នាក់ងារព័ត៌មាន Xinhua របស់ចិន បានឲ្យដឹងថា ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៤ ខាងមុខនេះ ក្រសួងមហាផ្ទៃកម្ពុជា នឹងដាក់ឱ្យប្រើប្រាស់ ប្រព័ន្ធអេឡិចត្រូនិក សលាកបត្រចូលប្រទេសកម្ពុជា មុនពេលមកដល់ (Cambodia e-Arrival Card) សម្រាប់អ្នកធ្វើដំណើរទាំងអស់ ដែលធ្វើដំណើរចូលទៅកាន់កម្ពុជា។

បន្ថែមពីនេះ សេចក្តីប្រកាសព័ត៌មានបានបន្តថា Cambodia e-Arrival Card នឹងផ្តល់ភាពងាយស្រួល ដល់អ្នកដំណើរជាជនបរទេស និងពលរដ្ឋកម្ពុជា ដែលធ្វើដំណើរមក អាកាសយានដ្ឋានអន្តរជាតិ ក្នុងការបំពេញបែបបទអន្តោប្រវេសន៍ បែបបទគយ និងបែបបទសុខភាព ក្នុងទម្រង់តែមួយ។

សេចក្តីប្រកាសដដែលបានបន្ថែមថា “ក្នុងដំណាក់កាលអនុវត្ត សាកល្បងចាប់ពីថ្ងៃទី១ ខែមករាដល់ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៤ អ្នកដំណើរមានជម្រើស ក្នុងការបំពេញបែបបទ តាមទម្រង់អេឡិចត្រូនិច ឬបំពេញទម្រង់បែបបទ ព័ត៌មានអន្តោប្រវេសន៍ បែបបទគយ និងបែបបទសុខភាព ក្នុងទម្រង់ជាក្រដាស”។
យ៉ាងណា អ្នកដំណើរទាំងអស់ក៏នឹងតម្រូវ ឱ្យបំពេញបែបបទទម្រង់អេឡិចត្រូនិក នៅពេលដែលគម្រោង e-Arrival Card ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ តទៅ។

គូសសម្គាល់ផងដែរថា វិស័យទេសចរណ៍គឺជាសសរស្តម្ភមួយ ក្នុងចំណោមសសរស្តម្ភទាំងបួន ដែលជួយដល់សេដ្ឋកិច្ចរបស់កម្ពុជា បន្ថែមលើការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ កសិកម្ម សំណង់ និងអចលនទ្រព្យ។

កម្ពុជាទទួលបាន ភ្ញៀវទេសចរអន្តរជាតិចំនួន ៤,៤ លាននាក់ក្នុងរយៈពេល១០ ខែនៃឆ្នាំ២០២៣ ដែលជាការកើនឡើងគួរឱ្យ កត់សម្គាល់ប្រហែល ១៨០% ពីចំនួន ១,៥៧ លាននាក់ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមរបាយការណ៍ ចេញផ្សាយដោយ ក្រសួងទេសចរណ៍កម្ពុជា។