ចំនួនភ្ញៀវទេសចរ ទៅកម្សាន្តនៅខេត្តព្រះវិហារ មានសន្ទុះហក់ឡើងខ្ពស់ នៅក្នុងឆ្នាំនេះ!


ខេត្តព្រះវិហារ៖ បើយោងតាម ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ លោក គង់ វិបុល បានបញ្ជាក់ឲ្យដឹងថា ចំនួនភ្ញៀវទេសចរមកខេត្តព្រះវិហារ មានការកើនឡើងច្រើន ដោយចំនួនភ្ញៀវទេសចរមកលេងខេត្តនេះ គិតត្រឹមខែវិច្ឆិកា កើនឡើង ៥៣៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។

គួរឲ្យដឹងដែរថា ព្រះវិហារ ត្រូវបានគេចាត់ទុកថាជា ទីតាំងដ៏ល្អសម្រាប់អ្នក ដែលចង់ទទួលបាននូវវប្បធម៌ និងសម្រស់ធម្មជាតិ ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា។ ខេត្តនេះ ជាកន្លែងនៃកេរដំណែល លេចធ្លោបំផុតចំនួនបីរបស់កម្ពុជា ពីសម័យអង្គរគឺ ប្រាសាទព្រះវិហារ អតីតរាជធានីកោះកេរ និងប្រាសាទព្រះខ័នកំពង់ស្វាយ។

លោកប្រធានមន្ទីរទេសចរណ៍ខេត្ត ក៏បានបង្ហាញសុទិដ្ឋិនិយមថា ខេត្តនឹងទទួលបាន ភ្ញៀវទេសចរកាន់តែច្រើននៅឆ្នាំខាងមុខ ដោយផ្អែកលើសក្ដានុពល ទេសចរណ៍របស់ខ្លួន ជាពិសេសដោយសារ តំបន់បេតិកភណ្ឌពិភពលោក ត្រូវបានផ្សារភ្ជាប់ជាមួយនឹង ឧទ្យានបុរាណវិទ្យាអង្គរផងដែរ។

លោកបានលើកឡើងថា៖ «សក្ដានុពលទេសចរណ៍របស់ខេត្ត គឺធំធេងណាស់ ជាពិសេសជាមួយនឹង តំបន់បេតិកភណ្ឌពិភពលោក ដូចជាប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ដែលភ្ជាប់ជាមួយឧទ្យានអង្គ»។

ទោះជាយ៉ាងនេះក្តី ចំនួនភ្ញៀវទេសចរជាតិ ដែលមកទស្សនាប្រាសាទព្រះវិហារ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៣ មានការថយចុះបន្តិច បើធៀបនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ២០២២ នេះបើតាមការបញ្ជាក់ របស់អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ឯកឧត្តម គង់ ពុទ្ធិកា។ ការកើនឡើងគួរឱ្យកត់សម្គាល់ នៃចំនួនភ្ញៀវទេសចរជារួមគឺ ដោយសារតែមានភ្ញៀវអន្តរជាតិ ចូលមកកាន់ប្រាសាទកាន់តែច្រើន។

ឯកឧត្តម គង់ ពុទ្ធិកា បន្ថែមថា៖ «មានភ្ញៀវទេសចរជាតិ មកទស្សនាប្រាសាទព្រះវិហារ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៣ តិចជាងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២»។ ម៉្យាងវិញទៀត ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនា តំបន់បុរាណវត្ថុកោះកែរ បានកើនឡើងយ៉ាងឆាប់រហ័ស បន្ទាប់ពីតំបន់នេះត្រូវបានដាក់ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១៧ ខែកញ្ញា។

ដោយឡែក ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) លោកជំទាវ ឆាយ ស៊ីវលីន បានប្រាប់ឲ្យដឹងដែរថា បន្ទាប់ពីកោះកែរដាក់ចូលក្នុង បញ្ជីបេតិកភណ្ឌពិភពលោក ភ្ញៀវទេសចរមានការកើនឡើង។

លោកជំទាវ បានបន្ថែមថា ខេត្តព្រះវិហារបច្ចុប្បន្នជាគោលដៅថ្មី សម្រាប់ភ្ញៀវទេសចរ បើទោះបីជាប្រាសាទបុរាណ នៅទីនោះយូរណាស់មកហើយ ប៉ុន្តែបន្ទាប់ពីត្រូវបានចុះ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ពួកវាបានទាក់ទាញ ចំណាប់អារម្មណ៍យ៉ាងខ្លាំង។ ដូច្នេះការងារជាច្រើន គួរតែត្រូវបានធ្វើ ដើម្បីផ្សព្វផ្សាយពីខេត្តនេះ។