សៀមរាប៖ បើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយដោយ រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា ថ្នាក់ដឹកនាំរដ្ឋបាលខេត្តសៀមរាប បានរៀបចំនីតិវិធី ស្នើទៅក្រសួងមហាផ្ទៃ ដើម្បីបង្កើតរដ្ឋបាលក្រុងថ្មី ដែលត្រូវកាត់យកឃុំចំនួនពីរ របស់ស្រុកបន្ទាយស្រី និងស្រុកប្រាសាទបាគង សម្រាប់អភិវឌ្ឍប្រែក្លាយ ទៅជាទីក្រុងគម្រូថ្មី របស់ខេត្តសៀមរាប។

គួរឲ្យដឹងដែរថា ការស្នើបង្កើតតំបន់រុនតាឯក ទៅជាទីក្រុងថ្មីរបស់រដ្ឋបាលខេត្ត គឺធ្វើឡើងបន្ទាប់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងទេសចរណ៍ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកកម្ពស់សេដ្ឋកិច្ច និងបង្កើតការងារក្នុងតំបន់រុនតាឯក ដើម្បីប្រែក្លាយទៅជា តំបន់អភិវឌ្ឍន៍ថ្មី សម្រាប់អ្នកជំនាន់ក្រោយ។

ជាក់ស្តែង ក្នុងពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ដសៀមរាប កាលពីថ្ងៃចន្ទ ដល់ថ្ងៃអង្គារ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្ដសៀមរាប បានឱ្យដឹងថា រដ្ឋបាលខេត្តបានរៀបចំ ស្នើសុំទៅក្រសួងមហាផ្ទៃ ដើម្បីបង្កើតរដ្ឋបាលក្រុងថ្មី ដែលមានឈ្មោះថា ក្រុងរុនតាឯក តេជោសែន។ ឯកឧត្តមបន្តថា “ការបង្កើតឱ្យមានក្រុងថ្មី (ក្រុងរុនតាឯក តេជោសែន) ដោយកាត់យកឃុំចំនួនពីរ គឺឃុំរុនតាឯក នៃស្រុកបន្ទាយស្រី និងឃុំបល្ល័ង្គ នៃស្រុកប្រាសាទបាគង”។


បន្ថែមពីនេះ ឯកឧត្តមក៏បានបន្តថា រដ្ឋបាលខេត្ត ក៏បានរៀបចំសេវាដឹកជញ្ជូនសាធារណៈ តាមរយៈរថយន្តក្រុង របស់រដ្ឋបាលខេត្ត ដោយដឹកជញ្ជូន ប្រជាពលរដ្ឋឥតគិតថ្លៃទាំងទៅ និងមកពីតំបន់អភិវឌ្ឍន៍រុនតាឯក និងក្រុងសៀមរាប ដែលនឹងដាក់ឱ្យដំណើរការ ជាផ្លូវការ នៅដើមឆ្នាំ២០២៤ ខាងមុខ។

ដោយឡែក ក្នុងដំណាក់កាលទី៣ រដ្ឋាភិបាលបានផ្តល់ដីឡូតិ៍ចំនួន ១ ១២៦ឡូតិ៍ ដើមី្បដោះស្រាយជូនប្រជាពលរដ្ឋ ដែលរស់នៅតាមចំណីស្ទឹងសៀមរាប និងដំណាក់កាលទី៤ រដ្ឋាភិបាលបានផ្តល់ ជូនដល់ប្រជាពលរដ្ឋស្ម័គ្រចិត្ត ចាកចេញពីតំបន់រមណីយដ្ឋានអង្គរ គឺមានដីឡូតិ៍ចំនួន ៥ ៨៦៥ ផងដែរ។
ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា បច្ចុប្បន្នក្រុមការងារបានរៀបចំ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ប្រព័ន្ធទឹកកខ្វក់ ប្រព័ន្ធទឹកស្អាត បណ្តាញអគ្គិសនី សាលាស្រុក សាលារៀន មន្ទីរពេទ្យ វត្តអារាម ផ្សារលក់ដូរ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានឱ្យដឹងថាក្រោយពីប្រជាពលរដ្ឋបានដឹង ពីគម្រោងបង្កើតក្រុងថ្មីបែបនេះ ពួកគេបានត្រេកអរ និងសាទរដែលតំបន់ ក្នុងភូមិសាស្ត្រភូមិឃុំ របស់ពួកគាត់បានក្លាយទៅជាក្រុង ដែលធ្វើឱ្យដីធ្លីកាន់តែមានតម្លៃខ្ពស់ ដូចនៅក្រុងសៀមរាបដែរ។
ឯកឧត្តមបន្ថែមថា តាមការពិនិត្យទៅលើឃុំចំនួនបី គឺមានតែឃុំចំនួនពីរតែប៉ុណ្ណោះ ដែលអាចបង្កើតជាក្រុងបាន នោះគឺមាន ឃុំរុនតាឯក ដែលបច្ចុប្បន្ន ជាឃុំរបស់ស្រុកបន្ទាយស្រី និងឃុំបល្ល័ង្គ ជាឃុំរបស់ស្រុកប្រាសាទបាគង ដែលមានហេដ្ឋារចនាសម្ព័ន្ធ សមស្របទៅនឹងនីតិវិធីនៃការបង្កើតទីក្រុងថ្មី។

ឯកឧត្តម រដ្ឋលេខាធិការក៏បានធ្វើការជម្រុញ និងណែនាំដល់អាជ្ញាធរខេត្ត ត្រូវធ្វើការពិភាក្សាឱ្យបានជាក់លាក់ ជាមួយក្រុមប្រឹក្សាខេត្ត ដើម្បីដាក់ឈ្មោះទីក្រុងថ្មីនេះ ដើមី្បដាក់ជូនរដ្ឋាភិបាល និងស្មើសុំទៅរដ្ឋសភាសម្រេចជាផ្លូវការ។

គូសបញ្ជាក់ផងថា តំបន់រុនតាឯកនេះ ក៏ជាសក្តានុពលនៃវិស័យទេសចរណ៍មួយ របស់ខេត្តសៀមរាប ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើម្បីចូលទៅកម្សាន្ត ហើយក៏ជាប្រភពចំណូលសេដ្ឋកិច្ច របស់ប្រជាពលរដ្ឋផងដែរ។