វិស័យសំណង់ និងអចលនទ្រព្យ មានកំណើនតិចតួចត្រឹម ១,១% និង ០,៥% រៀងគ្នា កាលពីឆ្នាំ២០២៣!


ភ្នំពេញ៖ បើយោងតាមរបាយការណ៍ព័ត៌មាន ពីធនាគារជាតិកម្ពុជា ដែលបានបង្ហាញកាលពីថ្ងៃ ២៩ មករា កន្លងទៅបានឲ្យដឹងថា វិស័យសំណង់ និងវិស័យអចលនទ្រព្យ ក្នុងឆ្នាំ២០២៣ មានកំណើនត្រឹម ១,១% និង ០,៥% រៀងគ្នា។

ជាក់ស្តែង វិស័យសំណង់មានកំណើនទាបត្រឹម ១,១% ប៉ុណ្ណោះ ក្នុងឆ្នាំ២០២៣ ធៀបនឹងកំណើន ០,៥% នៅឆ្នាំ២០២២ ដែលគាំទ្រដោយ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដូចជា ស្ពាន អាកាសយានដ្ឋាន និងផ្លូវល្បឿនលឿន ជាដើម។

ការនាំចូលសម្ភារៈនិងបរិក្ខាសំណង់ បានកើនឡើង ៤,៧% ធៀបនឹងឆ្នាំ២០២២ (-២៥,៦%)។ ចំណែកផ្ទៃក្រឡា និងតម្លៃគម្រោងសំណង់ ដែលទទួលបាន ការអនុម័តមានកំណើន ១ដង ជាពិសេសគម្រោងសំណង់លំនៅដ្ឋាន និងសំណង់សាធារណៈ ខណៈចំនួនគម្រោង សំណង់សរុបបានថយចុះ ២០,៥%។

បន្ថែមពីនេះ របាយការណ៍ដដែល បង្ហាញថា វិស័យអចលនទ្រព្យក៏បន្ត កើនឡើងទាបត្រឹម ០,៥% ធៀបនឹង ០,២% នៅឆ្នាំ២០២២។ សកម្មភាពលក់លំនៅដ្ឋាន រួមមានផ្ទៃក្រឡាផ្ទះល្វែង វីឡាភ្លោះ និងទោល បានថយចុះ ៤៩,៧% ខណៈដែលការលក់ខុនដូ កើនឡើងបានត្រឹម ២%។

រីឯសន្ទស្សន៍តម្លៃលំនៅដ្ឋាន (RPPI) បានថយចុះ ២,៤% ដែលក្នុងនោះ នៅរាជធានីភ្នំពេញ បានថយចុះ ៣,២% ខណៈនៅតាមបណ្តាខេត្ត បានកើនឡើង ៣,២%។

ដោយឡែក ក្នុងរបាយការណ៍វឌ្ឍនភាព ម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនគារឆ្នាំ២០២៣ និងទស្សនវិស័យឆ្នាំ២០២៤ ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ក្នុងឆ្នាំ២០២៣កន្លងទៅ វិស័យសំណង់ ទទួលបានកំណើនទាប ដែលជាចម្បងត្រូវបាន ជម្រុញដោយការវិនិយោគ និងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ខណៈដែលការវិនិយោគបរទេស ក្នុងវិស័យអចលនទ្រព្យ បានថយចុះ។