ក្រុមហ៊ុន AEON របស់ជប៉ុន បានវិនិយោគប្រមាណ ៧០៦ លានដុល្លារ គិតត្រឹមឆ្នាំ២០២៣ បង្កើតបានផ្សារទំនើប ៣ទីតាំង ក្នុងរាជធានីភ្នំពេញ ខណៈសាខាទី៤ អាចបង្កើតនៅខណ្ឌកំបូល


ភ្នំពេញ៖ បើយោងតាមជំនួបពិភាក្សាការងាររវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយ លោក TSUBOYA MASAYUKI នាយកគ្រប់គ្រងផ្សារទំនើបអ៊ីអនម៉ល កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ បានឲ្យដឹងថា គិតត្រឹមឆ្នាំ២០២៣នេះ ក្រុមហ៊ុន AEON Mall (Cambodia) Co., Ltd. បានបណ្តាក់ទុនប្រមាណ ៧០៦លានដុល្លារ ក្នុងការសាងសង់ផ្សារទំនើបចំនួន ៣ទីតាំង នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។

ក្នុងនោះ ក៏ត្រូវបានឲ្យដឹងដែរថា ជំនួបនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីពិភាក្សា លើសំណើសុំអនុសាសន៍ណែនាំពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងកិច្ចការងារវិនិយោគ របស់ផ្សារទំនើបអ៊ីអនម៉ល នៅក្នុងប្រទេសកម្ពុជា សម្រាប់សាខាថ្មី។

គូសសម្គាល់ផងដែរថា ក្រុមហ៊ុន AEON Mall (Cambodia) Co., Ltd. បានបណ្ដាក់ទុនវិនិយោគប្រមាណ ៧០៦លានដុល្លារ បង្កើតផ្សារទំនើបចំនួន ៣ទីតាំង នៅប្រទេសកម្ពុជា។

ជាក់ស្តែង គម្រោងវិនិយោគផ្សារទំនើបអ៊ីអនម៉ល ទី១ នៅលើផ្លូវសម្តេចសុធារស ក្នុងខណ្ឌចំការមន ដែលថ្មីៗនេះ ផ្សារបានសម្រេច ពង្រីកទំហំជាន់ផ្ទាល់ដី និងបន្ថែមស្ដង់ទំនិញចំនួន ៣០កន្លែងទៀត ដើម្បីបំពេញតម្រូវការ និងទាក់ទាញអ្នកអាជីវកម្មថ្មីៗ។

ចំពោះផ្សារទំនើបអ៊ីអនសាខាទី២វិញ ត្រូវបានវិនិយោគសាងសង់ ក្នុងទំហំទឹកប្រាក់ជាង ១២០លានដុល្លារអាមេរិក ស្ថិតក្នុងខណ្ឌសែនសុខ ដែលបានបើកឱ្យដំណើរការ កាលពីអំឡុងខែឧសភា ឆ្នាំ២០១៨។

ដោយឡែក គម្រោងវិនិយោគផ្សារទំនើបអ៊ីអនម៉លទី៣ ត្រូវបានសាងសង់ក្រោម ទុនវិនិយោគប្រមាណ ២៩០លានដុល្លារ ដែលមានទំហំធំជាងផ្សារ Aeon ទី១ និងទី ២ បូកបញ្ចូលគ្នា ស្ថិតក្នុងខណ្ឌមានជ័យ បានបើកឱ្យដំណើរការ កាលពីអំឡុងខែមេសា ឆ្នាំ២០២៣ កន្លងទៅ។

យ៉ាងណា បើតាមមន្ត្រីពិនិត្យគម្រោង នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងក្រៅផ្លូវការដែរថា ក្រុមហ៊ុន AEON កំពុងសិក្សាជាមួយ CDC ក្នុងការវិនិយោគ បង្កើតផ្សារទំនើបអ៊ីអនទី៤ ដែលតាមការបង្ហើបនោះ អាចមានទីតាំង ស្ថិតនៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។

ចំពោះព័ត៌មានផ្លូវការ លើគម្រោងវិនិយោគខាងលើនេះ ស្ថិតនៅក្នុងដំណាក់កាលសិក្សា និងប្រជុំពិភាក្សា ដោយមិនទាន់កំណត់ ឱ្យបានច្បាស់នូវទំហំទឹកប្រាក់ និងទីតាំងច្បាស់លាស់នៅឡើយ។

គួររម្លឹកផងដែរថា ក្រុមហ៊ុននេះជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន AEON Mall Co., Ltd. ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩១១ ក្នុងទីក្រុង Chiba ប្រទេសជប៉ុន និងមានផ្សារទំនើបសរុបប្រមាណ ២០៣ផ្សារ ពី១៤ប្រទេសផ្សេងៗគ្នា ទូទាំងពិភពលោក។