សៀមរាប៖ បើយោងតាមរបាយការណ៍ព័ត៌មានពី អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា អ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា សហការជាមួយវិទ្យាស្ថានជាតិណារ៉ា ប្រទេសជប៉ុន កំពុងបន្តធ្វើការជួសជុលខឿន នៃឧបោសថាគារ មុខប្រាសាទតុបខាងលិច ដែលទទួលរងការខូចខាតធ្ងន់ធ្ងរ បន្ទាប់ពីធ្វើការជួសជុល ប្រាង្គកណ្តាលរបស់ប្រាសាទនេះ បានចប់រួចរាល់។
គួរឲ្យដឹងដែរថា ខឿននៃឧបោសថាគារ ដែលដើមឡើយ មានរោងធ្វើពីឈើប្រក់ក្បឿង(បច្ចុប្បន្ន ពុកផុយដួលរលំអស់ហើយ នៅសល់តែស្លាកស្នាមប៉ុណ្ណោះ) មានទទឹង ៧,៥០ម៉ែត្រ និងបណ្តាយ ១៧,៥០ម៉ែត្រ នេះ គឺជាទីតាំងនៃព្រះវិហារព្រះពុទ្ធសាសនា បន្ទាប់ពីប្រាសាទនេះ បានប្រែក្លាយជាប្រាសាទ សម្រាប់ឧទ្ទិសដល់ព្រះពុទ្ធសាសនា តាំងពីសម័យកណ្តាលមក។
យ៉ាងណា បើតាមការបញ្ជាក់របស់ អ្នកទទួលខុសត្រូវការងារជួសជុល លោក ឡាំ សុភ័គ្រ បានឱ្យដឹងថា ក្នុងការជួសជុលនេះ គឺយើងនឹងធ្វើការរើ តួខឿនទាំងមូលចេញ ដើម្បីធ្វើការពង្រឹងគ្រឹះ និងរចនាសម្ព័ន្ធផ្នែកខាងក្រោម ទើបរៀបផ្គុំតួខឿននៃ ឧបោសថាគារទាំងមូលឡើងវិញ ទៅតាមលំនាំដើម ហើយការងារជួសជុលនេះ គ្រោងនឹងបញ្ចប់នាពេល ៣ខែខាងមុខ។
រូបភាពពីអាជ្ញាធរជាតិអប្សរា