ភ្នំពេញ៖ បើយោងតាមរបាយការណ៍ព័ត៌មាន ចេញផ្សាយដោយក្រសួងបរិស្ថានបានឲ្យដឹងថា គិតមកត្រឹមថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ក្រសួងបរិស្ថាន តាមរយៈ មន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានរាជធានី និងខេត្តនានា បានបណ្តុះកូនឈើបានចំនួន ៤១៦ ១៦៣ដើម រួចជាស្រេច ដើម្បីឆ្ពោះទៅសម្រេចយុទ្ធនាការ ១០ តុលា ឆ្នាំ២០២៣ ស្តីពីការចែកជូនកូនឈើជាង ១លានដើមជារៀងរាល់ឆ្នាំ ជូនប្រជាពលរដ្ឋកម្ពុជា ដើម្បីដាំ និងស្តារព្រៃឈើឡើងវិញឱ្យបានជាង ៦០% នៅឆ្នាំ២០៥០។

ជាក់ស្តែង បើគិតចាប់ផ្តើមពីថ្ងៃបើកយុទ្ធនាការ ១០ តុលា មកទល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ មន្រ្តីក្រសួងបរិស្ថាន បានចែកកូនឈើគ្រប់ប្រភេទ (កូនឈើប្រណិត និងឈើហូបផ្លែ) ចំនួន ២០០ ៥៦២ដើម រួចជាស្រេច ទៅដល់ប្រជាពលរដ្ឋ ដើម្បីដាំស្តារព្រៃរិចរឹល ដាំនៅតាមមូលដ្ឋាន តាមសហគមន៍ ដាំនៅតាមសាលារៀន វត្តអារាមនានា។

ជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានឱ្យដឹងថា រហូតមកទល់ពេលនេះ ក្រសួងមានកូនឈើជាង ៧០ម៉ឺនដើមក្នុងដៃ ទី១ គឺមន្ទីរបរិស្ថាន បានបណ្តុះបានកូនឈើចំនួនជាង ៤០ម៉ឺនដើម ទី២ គឺក្រសួងបានទទួល កូនត្នោតចំនួនជាង ៣០ម៉ឺនដើម ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ផ្តល់ជូនក្នុង១ឆ្នាំបន្ថែមទៀត។

គូសបញ្ជាក់ដែរថា ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធសាស្រ្ត ចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលបានរំលេចចេញ នូវការងារអាទិភាពចំនួន៣ រួមមាន ភាពស្អាត ភាពបៃតង និងចីរភាព។ ក្នុងមុំផែនការអាទិភាពទី២ ភាពបៃតង ក្រសួងបរិស្ថាននឹងអនុវត្តដោយ ពង្រីកចលនាដាំដើមឈើ ជម្រុញការគ្រប់គ្រងតំបន់ការពារ ធម្មជាតិ និងលើកកម្ពស់ជីវភាព សហគមន៍មូលដ្ឋានជាដើម។
បន្ថែមពីនេះផងដែរ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏បានដាក់ចេញនូវវិធានការចំនួន៤ សម្រាប់ការគ្រប់គ្រង ធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍប្រកបដោយចីរភាព ឱ្យមានប្រសិទ្ធភាព រួមមាន ការអនុវត្តច្បាប់ ១០០% មិនអត់ឱនចំពោះឧក្រិដ្ឋកម្ម ធនធានធម្មជាតិ និងពង្រឹងសហការ ឱ្យកាន់ស្អិតរមួត ជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ទប់ស្កាត់បទល្មើស ធនធានធម្មជាតិ ក៏ដូជាសហការជាមួយ អង្គភាពប្រឆាំងអំពើពុករលួយ និងបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីពង្រឹងការអនុវត្តច្បាប់ បន្ថែមទៀត និងបង្កើតផែនការ ដាំដើមឈើឡើងវិញ និងការគ្រប់គ្រងព្រៃឈើដោយ និរន្តរភាព។

