ខ្លោងទ្វារខាងកើត ប្រាសាទមេបុណ្យខាងកើត ដែលកំពុងទ្រុឌទ្រោមខ្លាំង ត្រូវបានជួសជុល ពង្រឹងឲ្យរឹងមាំ និងតាមទម្រង់ដើមឡើងវិញ!


សៀមរាប៖ បើយោងតាមរបាយការណ៍ព័ត៌មាន ដោយ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា តួខ្លោងទ្វារខាងកើត ប្រាសាទមេបុណ្យខាងកើត ដែលមានសភាពទ្រុឌទ្រោមខ្លាំង ត្រូវបានជួសជុលពង្រឹងឡើងវិញ ដោយក្រុមអ្នកបច្ចេកទេស អាជ្ញាធរជាតិអប្សរា។

ជាក់ស្តែង ការជួសជុលនេះ បានផ្តោតលើការងារសំខាន់ៗ មួយចំនួនដូចជា ធ្វើការពង្រឹងរចនាសម្ព័ន្ធថ្មភក់ និងថ្មបាយក្រៀម ផ្នែកខាងក្រោម ជួសជុលពង្រឹងឡើងវិញ រចនាសម្ព័ន្ធឥដ្ឋផ្នែកខាងលើ ដែលមានសភាពពុកផុយ បិទបាយអតាមស្នាមប្រេះ ការពារជម្រាបទឹក ព្រមទាំងធ្វើការទល់ទ្រ ដើម្បីទប់លំនឹងតួខ្លោងទ្វារទាំងមូល ផងដែរ។

គួរឲ្យដឹងដែរថា នេះគឺជាផ្នែកមួយនៃ កិច្ចការអភិរក្ស ដែលអាជ្ញាធរជាតិអប្សរា បានអនុវត្តជាប្រចាំ ក្នុងគោលគំនិតដើម្បីថែរក្សា លើកតម្លៃប្រាសាទផង និងដើម្បីរក្សាសុខសុវត្ថិភាព ដល់ភ្ញៀវទេសចរផង។

គូសបញ្ជាក់ដែរថា ប្រាសាទមេបុណ្យខាងកើត ត្រូវបានកសាងឡើងនា ពាក់កណ្តាលសតវត្សរ៍ទី១០ ក្នុងរាជ ព្រះបាទរាជេន្ទ្រវរ្ម័នទី១ ដើម្បីឧទ្ទិសថ្វាយចំពោះ ព្រះឥសូរ ក្នុងព្រហ្មញ្ញសាសនា។

រូបភាពពីអាជ្ញាធរជាតិអប្សរា