អគារទីស្តីការថ្មី “តេជោសែន” របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនាវានុវត្តន៍ កម្ពស់១៨ជាន់ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ!


ភ្នំពេញ៖ អគារទីស្តីការថ្មី  «តេជោសែន» មានកម្ពស់ ១៨ជាន់ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនាវានុវត្តន៍ ត្រូវបានសម្ពោធដាក់ ឱ្យប្រើប្រាស់ជាផ្លូវការហើយ កាលពីថ្ងៃទី ២១កុម្ភៈកន្លងទៅថ្មីៗនេះ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរបស់កម្ពុជា។

គួរឲ្យដឹងដែរថា អគារទីស្តីការថ្មីនេះ ស្ថិតនៅតាមបណ្តោយ មហាវិថីព្រះនរោត្តម និងត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ និងបញ្ចប់ការសាងសង់ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ។

គូសសម្គាល់ផងដែរថា សព្វថ្ងៃនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនាវានុវត្តន៍ មានអគារសម្រាប់មន្ត្រីរាជការ បំពេញការងារចំនួន ០២ ក្នុងនោះអគារទី១ មានឈ្មោះថា «អគារ ចម ប្រសិទ្ធ» មានកម្ពស់ ៩ជាន់ និងអគារទី២ គឺ «អគារតេជោសែន» មានកម្ពស់ ១៨ជាន់។

ថ្លែងក្នុងឱកាសនោះដែរ សម្តេចធិបតី បានមានប្រសាសន៍ថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បន្តចូលរួមកាន់តែសកម្មក្នុងការងារកែទម្រង់ របស់រាជរដ្ឋាភិបាល ជាពិសេស រដ្ឋភិបាលឌីជីថល, ការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់ សមត្ថភាពស្ថាប័ន ដោយឈរ លើគោលការណ៍គុណាធិបតេយ្យ តាមរយៈការជំរុញ ការផ្តល់សេវាសាធារណៈ តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន និង តាមយន្តការច្រកចេញ-ចូលតែមួយ, ទាំងនៅក្រសួង និង មន្ទីរ រាជធានី-ខេត្ត សំដៅកែលម្អ ការផ្តល់សេវាសាធារណៈជូនធុរជន និងប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព, តម្លាភាព, គណនេយ្យភាព, និង ខិតជិតប្រជាជន ស្របតាមអភិក្រម «ធ្វើឱ្យលឿន ធ្វើឱ្យបាន និង ធ្វើឱ្យតម្លាភាព»។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ពង្រឹង ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង ការប្រមូលចំណូលថវិកាជាតិ ពីការផ្តល់ សេវាសាធារណៈនានា ក្នុងដែនសមត្ថកិច្ចរបស់ក្រសួង ស្របតាមគោលនយោបាយ និង បទប្បញ្ញត្តិ ជាធរមាន ពិសេស យុទ្ធសាស្ត្រកៀរគរ ចំណូលរយៈពេលមធ្យម និង កម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ។