ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រមាណ ១៧៤គម្រោង កម្ពុជា ត្រូវការថវិកាខ្ទង់ ៤០ពាន់លានដុល្លារ ពីទុនវិនិយោគឯកជន និងដៃគូអភិវឌ្ឍន៍


ភ្នំពេញ៖ ដើម្បីពិនិត្យវឌ្ឍនភាពនៃផែនការមេ គ្រប់ជ្រុងជ្រោយស្ដីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ ក្រុមប្រឹក្សាជាតិភស្ដុភារកម្ម បានបើកកិច្ចប្រជុំមួយ កាលពីថ្ងៃទី២០ ខែកុម្ភៈ ដោយបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កំពុងស្វែងរកប្រភពហិរញ្ញវត្ថុ ប្រមាណជិត ៤០ពាន់លានដុល្លារ សម្រាប់អភិវឌ្ឍន៍គម្រោង ហេដ្ឋារចនាសម្ព័ន្ធអាទិភាពចំនួន ១៧៤គម្រោង។

បើតាមការលើកឡើងរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំថា គម្រោងហេដ្ឋារចនាសម្ព័ន្ធអាទិភាព ក្នុងរយៈពេល១០ឆ្នាំ នឹងរួមចំណែកជួយអភិវឌ្ឍន៍ វិស័យដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជា កាន់តែល្អប្រសើរ លើកកម្ពស់ការប្រកួតប្រជែង ជាមួយប្រទេសជិតខាង ទាក់ទាញអ្នកវិនិយោគ និងបង្កើតការងារជូនប្រជាពលរដ្ឋ ផងដែរ។

ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា ទុនវិនិយោគលើគម្រោងចំនួន ១៧៤ នឹងមិនប្រើប្រាស់ថវិការដ្ឋនោះទេ គឺជាថវិកាក្រុមហ៊ុនឯកជន និងដៃគូអភិវឌ្ឍន៍ក្នុងទម្រង់ BOT និងគម្រោងភាពជាដៃគូរវាង រដ្ឋ និងឯកជន (PPP) ជាដើម។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា៖ “ដើម្បីឱ្យ១៧៤គម្រោងទៅមុខបាន តាមផែនការ គឺយើងត្រូវតែផ្សព្វផ្សាយ ផែនការរបស់យើង ឱ្យបានទូលំទូលាយ នៅទូទាំងពិភពលោក។ បើផ្នែកឯកជនចាប់អារម្មណ៍លើ គម្រោងណាមួយ សុំអញ្ជើញមកសហការជាមួយកម្ពុជា ដើម្បីកសាង ឬអភិវឌ្ឍន៍លើគម្រោង១៧៤នេះ។”

គួររម្លឹកដែរថា រាជរដ្ឋាភិបាលបានអនុម័ត ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផែនការមេនេះ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ។

ក្នុងនោះដែរ ក្រោមផែនការមេគ្រប់ជ្រុងជ្រោយ ស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ រាជរដ្ឋាភិបាលកម្ពុជា មានគោលដៅសាងសង់ផ្លូវថ្នល់ ស្ពាន កំពង់ផែ ផ្លូវល្បឿនលឿន ផ្លូវរថភ្លើង អាកាសយានដ្ឋាន កំពង់ផែ និងមជ្ឈមណ្ឌលភស្តុភារកម្ម នៅតាមតំបន់គោលដៅអាទិភាព និងសក្តានុពល រាជធានីខេត្ត។