គិតត្រឹមដើមខែកុម្ភៈ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចការសាងសង់បាន ៦៤,១% ខណៈផ្លូវតភ្ជាប់ទៅកាន់អាកាសយានដ្ឋាននេះ សម្រេចបាន ៨៥%


ភ្នំពេញ៖ បើតាមការបញ្ជាក់របស់ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានប្រាប់ឲ្យដឹង នៅពេលចុះពិនិត្យវឌ្ឍនភាព ការសាងសង់អាកាសយានដ្ឋាន អន្តរជាតិតេជោក្រុងតាខ្មៅ ជាមួយ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល និង លោកឧកញ៉ា Charlves Vann នាយកក្រុមហ៊ុន Cambodia Airport Investment Co Ltd  នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះថា គិតត្រឹមថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ (TIA) ឬព្រលានយន្តហោះធំ និងទំនើបជាងគេ ប្រចាំតំបន់អាស៊ី សម្រេចការសាងសង់បាន ៦៤,១% ខណៈដែលផ្លូវតភ្ជាប់ ទៅព្រលានយន្តហោះនេះ ក៏សម្រេចការសាងសង់បាន ៨៥% ហើយដែរ។

ឯកឧត្តមបានបញ្ជាក់ថា “គិតត្រឹមថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ការសាងសង់អាកាសយានដ្ឋាន អន្តរជាតិតេជោក្រុងតាខ្មៅ (TIA) ក្នុងដំណាក់កាលទី១ សម្រេចបានចំនួន ៦៤,១% នៃការងារសរុប ដោយចំណាយទឹកប្រាក់ សរុបអស់ចំនួន ៩៣២លានដុល្លារ។”

ជាមួយគ្នានេះដែរ ការដ្ឋានសាងសង់ផ្លូវថ្មី តភ្ជាប់មហាវិថីសម្តេចតេជោ ហ៊ុន សែន កាត់ផ្លូវជាតិលេខ២ ឆ្ពោះទៅកាន់ព្រលានថ្មី ដែលមានទទឹង៦០ម៉ែត្រ និងបណ្តោយប្រវែង ១៣,៥ គីឡូម៉ែត្រ ក៏សម្រេចបាន៨៥% ហើយ។

ឯកឧត្តម បានបញ្ជាក់ជាចុងក្រោយថា អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ (TIA)នេះ គ្រោងនឹងដាក់ឲ្យដំណើរការ នៅក្នុងចុងឆមាសទី១ ឆ្នាំ២០២៥ ខាងមុខនេះ ជាមួយសមត្ថភាពកាន់តែធំ និងស្តង់ដាកម្រិតអន្តរជាតិផងដែរ។

គូសសម្គាល់ផងដែរថា អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ដែលមានតម្លៃវិនិយោគប្រមាណជា ១,៥ ពាន់លានដុល្លារនេះ បច្ចុប្បន្នកំពុងអភិវឌ្ឍសាងសង់ដោយក្រុមហ៊ុន OCIC។ ក្រោយបញ្ចប់ការសាងសង់ ព្រលានថ្មីនេះ នឹងក្លាយជាព្រលានយន្តហោះ ធំជាងគេទី៩ នៅលើពិភពលោក ឬត្រូវបានគេស្គាល់ថាជា អាកាសយានដ្ឋានថ្នាក់៤F។