ប៉េង ហួត គ្រុប ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ដល់មណ្ឌលមែកឈើ ដែលមានកុមារកំព្រាក្រីក្រ អនាថាចំនួន ១៦០ នាក់!


ក្រុមហ៊ុន ប៉េង ហួត គ្រុប បាននាំយកនូវគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ជាលើកទីពីរ បរិច្ចាគដល់មណ្ឌលមែកឈើ ដើម្បីជួយសម្រួលដល់ ជីវភាពរស់នៅរបស់កុមារកំព្រា-ក្រីក្រឥតទីពឹង កុមារអនាថា កុមារពិការ និងកុមាររងគ្រោះផ្សេងៗប្រមាណជាង ១៦០នាក់ ដែលកំពុងប្រឈមការខ្វះខាត ឱ្យទទួលបាននូវ ការទំនុកបម្រុងគ្រប់គ្រាន់ និងឱកាសទទួលបាន ការយកចិត្តទុកដាក់ និងការរស់នៅសមរម្យ ជាពិសេសគឺដើម្បីផ្ដល់ឱ្យ ពួកគេមានលទ្ធភាព បន្តការរៀនសូត្រសម្រាប់ បំពេញក្ដីសុបិន្តនាពេលអនាគត។

គួរឲ្យដឹងដែរថា ព្រឹត្តិការណ៍នេះត្រូវបានប្រព្រឹត្តឡើង នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

ស្របតាមសសរស្តម្ភទាំង៣ របស់ ប៉េង ហួត គ្រុប ពោលគឺ “ការអប់រំ បរិស្ថាន និងសង្គម” ដែលការបរិច្ចាគនេះ គឺជាការងារសង្គមនៃបង្គោលទី៣ ដែលផ្ដោតលើការរួមចំណែក លើកកម្ពស់ជីវភាពរស់នៅ ការកាត់បន្ថយភាពក្រីក្រ ការយកចិត្តទុកដាក់ បរិច្ចាគដល់កន្លែង ដែលមានជីវភាពខ្វះខាត ដូចជាមនុស្សចាស់ជរាគ្មានទីពឹង កុមារកំព្រា-ក្រីក្រជាដើម ខណៈពួកគេជាធនធានដ៏សំខាន់ និងជាអនាគត សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ 

គួររម្លឹកផងដែរថា មណ្ឌលមែកឈើពីមុន គឺជាសមគមជនឥតទីពឹង ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៩៤ និងទទួលស្គាល់ពី ទីស្ដីការគណៈរដ្ឋមន្រ្តី ដោយក្រសួងមហាផ្ទៃ ក្នុងគោលបំណងសង្រ្គោះ កុមារកំព្រាគ្មានទីពឹង កុមារក្រីក្រ កុមារអនាថា កុមារពិការ កុមាររងគ្រោះផ្សេងៗ ស្ដ្រី និងចាស់ជរាគ្មានទីពឹង។