សារមន្ទីរតេជោសន្តិភាព និងអគារហ្វឹកហ្វឺន នៅវិទ្យាស្ថានបច្ចេកទេសរបស់ CMAC តម្លៃសរុបជិត ១៤ លានដុល្លារ ត្រូវបានទទួលសិទ្ធិសាងសង់ ដោយក្រុមហ៊ុនជប៉ុន SATO


ភ្នំពេញ៖ បើយោងតាមពិធីចុះហត្ថលេខា រវាងក្រុមហ៊ុនជប៉ុន SATO KOGYO CO., LTD និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដែលបានផ្សាយលើទំព័រហ៊េកប៊ុកផ្លូវការរបស់ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) កាលពីថ្ងៃទី១៤ កុម្ភៈកន្លងទៅនេះ បានឲ្យដឹងថា គម្រោងសាងសង់សារមន្ទីររាងគ្រាប់មីនធំជាងគេ លើពិភពលោកមាន ទីតាំងស្ថិតក្នុងខេត្តសៀមរាប និងអគារហ្វឹកហ្វឺននៅវិទ្យាស្ថានបច្ចេកទេស សកម្មភាពកំចាត់មីន នៅខេត្តកំពង់ឆ្នាំង ត្រូវបានទទួលកិច្ចព្រមព្រៀង លើសិទ្ធិសាងសង់ហើយ។

ជាក់ស្តែង អគារនៃគម្រោងទាំងពីរនេះ នឹងត្រូវអនុវត្តតាមរយៈកិច្ចព្រមព្រៀងមួយ ដែលបានចុះហត្ថលេខាដោយ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និង លោក Jun KATO អគ្គនាយកក្រុមហ៊ុន SATO KOGYO CO., LTD ក្រោយជំនួយហិរញ្ញប្បទានឥតសំណង របស់រាជរដ្ឋាភិបាលជប៉ុនចំនួន ២.០៧៩.៨០០.០០០ យ៉េន (ប្រមាណជិត ១៤លានដុល្លារ)។

ក្នុងនោះដែរ ជំនួយខាងលើនេះត្រូវបាន បែងចែកជាពីរចំណែក ដោយមួយចំណែក នឹងត្រូវសាងសង់អគារសារមន្ទីរតេជោសន្ដិភាព ស្ថិតនៅខេត្តសៀមរាប ជាអគារសំណង់ មានរាងការ៉េខាងក្រោមមានទំហំ១០៨ម៉ែត្រគុណ១០៨ម៉ែត្រ និងខាងលើរាងមូល មានអង្កត់ផ្ចិត៥២ម៉ែត្រ មាន២ជាន់កម្ពស់១៧ម៉ែត្រ មានទំហំជាង ១៥.០០០ម៉ែត្រក្រឡា។

គូសបញ្ជាក់ដែរថា ក្រោយសាងសង់រួចរាល់ អគារនេះ នឹងក្លាយជាអគារ មានរាងគ្រាប់មីនប្រឆាំងមនុស្សធំជាងគេ នៅក្នុងពិភពលោក ជាមរតកជាតិមួយ ដាក់បង្ហាញសាធារណជន ជាតិ និងអន្តរជាតិ បានយល់ដឹងនូវសកម្មភាពផ្សេងៗរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាម និងបានកសាងសន្ដិភាពនៅកម្ពុជា។

សារមន្ទីរមួយនេះ នឹងត្រូវសាងសង់ឡើងនៅលើផ្ទៃដី ១២ហិកតា ស្ថិតឃុំត្រពាំងធំ ស្រុកបាគង ខេត្តសៀមរាប ក្បែរផ្លូវចូលទៅ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី និងផ្លូវជាតិលេខ៦A។

ដោយឡែក ជំនួយមួយចំណែកទៀត នឹងត្រូវបែងចែកលើគម្រោងសាងសង់ អគារហ្វឹកហ្វឺននៅវិទ្យាស្ថានបច្ចេកទេស សកម្មភាពកំចាត់មីន នៅខេត្តកំពង់ឆ្នាំង ដែលនឹងសាងសង់អគារសាលប្រជុំ (ចំណុះ៤០០នាក់) ចំនួន ១ខ្នង អគារសិក្សា ចំនួន១ខ្នង២ជាន់មាន១០បន្ទប់ អគារអន្ដេវាសិកដ្ឋាន២ខ្នង (សម្រាប់សិក្ខាកាម ចំនួន១២០នាក់) អគារអាហារដ្ឋានចំនួន១ខ្នង ព្រមទាំងសម្ភារបំពាក់ដូចជា កុំព្យូទ័រ ទូរទស្សន៍ សម្ភារសិក្សាតុកៅអីជាដើម។