បើតាមគេហទំព័រ World Travel Awards សម្រាប់ឆ្នាំ ២០២២ និង ២០២៣ បានបង្ហាញឲ្យដឹងថា រយៈពេល២ឆ្នាំជាប់គ្នាហើយ ដែលកម្ពុជាបានទទួលចំណាត់ថ្នាក់លេខ១ ជាគោលដៅទេសចរណ៍វប្បធម៌ល្អបំផុត សម្រាប់តំបន់អាស៊ី ដែលតាមពីក្រោយដោយ ៦ប្រទេស មានដូចជា ប្រទេសឥណ្ឌា ជប៉ុន នេប៉ាល ស្រីលង្កា ថៃនិងវៀតណាម។
ជាក់ស្តែងរបាយការណ៍ពីគេហទំព័រដដែល ដែលមានមូលដ្ឋាននៅ ចក្រភពអង់គ្លេសបានចុះផ្សាយឲ្យដឹងថា កម្ពុជាគឺជាគោលដៅ ទេសចរណ៍វប្បធម៌ល្អបំផុត សម្រាប់ឆ្នាំ២០២៣ និងជាប់ចំណាត់ថ្នាក់គោលដៅទេសចរណ៍ យុវជនឈានមុខគេ របស់អាស៊ីក្នុងឆ្នាំ២០២២។
ពិតជាមិនខុសនោះទេ ប្រទេសកម្ពុជារបស់យើង បានផ្តល់នូវតំបន់ទេសចរណ៍បែបប្រវត្តិសាស្រ្ត វប្បធម៌ដ៏ច្រើនសន្ធឹកសន្ធាប់ និងធម្មជាតិដ៏សម្បូរបែប រាប់ចាប់ពីឧទ្យានជាតិដ៏ស្រស់បំព្រង ឆ្នេរដ៏បរិសុទ្ធ និងកោះសម្រាកលំហែកាយ។ មិនតែប៉ុណ្ណោះ កម្ពុជាមិនត្រឹមតែមាន មុខម្ហូបប្លែកៗនោះទេ រសជាតិក៏ឆ្ងាញ់ ហើយតម្លៃក៏សមរម្យផងដែរ។