គម្រោងផ្លូវ ៥០សេ ប្រវែងប្រហែល ៦២គ.ម តភ្ជាប់រវាងខេត្តកំពង់ឆ្នាំង និងកំពង់ធំ ត្រូវបានចាត់ទុកជាផ្លូវអាទិភាព ដែលត្រូវសាងសង់មុនគេ នៅក្នុងឆ្នាំ២០២៤ នេះ!


ភ្នំពេញ៖ កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ថ្លែងក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាទីស្តីការក្រសួង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានណែនាំដល់ ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវពិនិត្យលើគម្រោងផ្លូវ និងស្ពានពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ ដែលជាគម្រោងអាទិភាព ត្រូវចាប់ផ្តើមសាងសង់មុនគេក្នុងឆ្នាំនេះ។

ក្នុងនោះដែរ ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍ថា៖ “សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា គម្រោងនេះជាគម្រោងអាទិភាព សម្រាប់ឆ្នាំ២០២៤ ដូច្នេះ សូម ឯកឧត្តម ប៉េង ពោធិ៍នា តាមដានគម្រោងផ្លូវជាតិលេខ ៥០សេនេះ ដើម្បីឈានទៅដល់ ការបើកការដ្ឋានសាងសង់ឱ្យបានឆាប់ៗ”។

បើតាមប្រសាសន៍បន្ថែមរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ក្រសួងសាធារណការ បានធ្វើលិខិតទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរួចហើយ។

គូសសម្គាល់ឲ្យដឹងដែរថា គម្រោងផ្លូវនិងស្ពាន ពីខេត្តកំពង់ឆ្នាំងទៅកំពង់ធំ គឺចេញពីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មកទល់នឹងផ្លូវជាតិលេខ ៦A ក្នុងសង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានប្រវែងប្រហែល ៦២គីឡូម៉ែត្រ។ គម្រោងនេះ នឹងមានស្ពានដែល តភ្ជាប់ពីខេត្តកំពង់ឆ្នាំង ឆ្ពោះទៅខេត្តកំពង់ធំនេះ មានប្រវែងរហូតដល់ទៅ ៣,៣គីឡូម៉ែត្រ ដែលនឹងក្លាយជា ស្ពានវែងជាងគេបំផុត នៅក្នុងប្រទេសកម្ពុជា។