កម្ពុជា បានទទួលរថយន្តអគ្គិសនីថ្មីប្រមាណ ៦០៤ គ្រឿង ចុះបញ្ជីនៅក្នុងឆ្នាំ២០២៣!


ភ្នំពេញ៖ បើយោងរបាយការណ៍ព័ត៌មាន ដែលចញផ្សាយពីក្រសួងសាធារណការ និងដឹកជញ្ជូន បានអោយដឹងកាលពីថ្ងៃទី ០១ មីនានេះថា មានរថយន្តអគ្គិសនីថ្មីចំនួន ៦០៤គ្រឿង បានចុះបញ្ជីក្នុងឆ្នាំ២០២៣ ដែលនាំឱ្យចំនួនរថយន្តអគ្គិសនីសរុប កើនឡើងដល់ ១៣៣៥គ្រឿង នៅកម្ពុជា។

បន្ថែមពីនេះ ក្រសួងបានលើកឡើងទៀតថា រថយន្តអគ្គិសនីទទួលបាន សន្ទុះនៅកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយបន្ថែមថា កាលពីឆ្នាំ២០២០ កម្ពុជាមានរថយន្តអគ្គិសនីត្រឹមតែ ៥គ្រឿង ប៉ុណ្ណោះ ប៉ុន្តែក្នុងឆ្នាំ២០២១ រថយន្តអគ្គិសនីមានរហូតដល់៦៣ គ្រឿងនិងកើនឡើងដល់៦៦៣គ្រឿង នៅឆ្នាំ២០២២។

គូសសម្គាល់ដែរថា នាពេលបច្ចុប្បន្ននេះ ស្ថានីយ៍សាកថ្មរថយន្តអគ្គិសនីមាន១៨ ទីតាំងហើយ នៅក្នុងប្រទេសរបស់យើង។ រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងជម្រុញ ឲ្យប្រជាជនប្រើប្រាស់រថយន្តអគ្គិសនី និងម៉ូតូអគ្គិសនី ព្រោះវាមិនប៉ះពាល់ដល់បរិស្ថាន និងជួយសន្សំប្រាក់បានផងដែរ។

ក្នុងនោះដែរ អ្នកគ្រប់គ្រងផ្នែកលក់នៅក្រុមហ៊ុន Mingyang Guoji Co., Ltd. លោក មឿង សុខម៉េង ដែលជាភ្នាក់ងារផ្តាច់មុខ នៃម៉ាកយីហោហុងឈី (Hongqi) របស់ប្រទេសចិន បាននិយាយថា ចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់ បានកើនឡើងយ៉ាងខ្លាំង ដោយសារប្រជាជន យល់ដឹងកាន់តែច្រើន អំពីអត្ថប្រយោជន៍នៃរថយន្តអគ្គិសនី។

លោកបាននិយាយថា “បច្ចុប្បន្ននេះ យើងបានលក់រថយន្តអគ្គិសនីបានច្រើន ទាំងរថយន្តអគ្គិសនីខ្នាតតូច និងខ្នាតធំ ហើយរថយន្តអគ្គិសនីរបស់យើង បានទទួលការគាំទ្រយ៉ាងច្រើន ពីអ្នកប្រើប្រាស់” ។

ដោយឡែក អ្នកគ្រប់គ្រងនៅក្រុមហ៊ុន Car4you Co., Ltd. ឧត្តម ពិសី ដែលនាំចូលរថយន្ត Letin Mengo EVs ពីប្រទេសចិន បាននិយាយថា រថយន្តអគ្គិសនីមាន គ្រឿងបំលាស់តិចជាងរថយន្តសាំង ឬម៉ាស៊ូត ដូច្នេះតម្លៃថែទាំ និងជួសជុលរបស់វា ក៏ទាបតាមហ្នឹងដែរ។

គាត់បានប្រាប់ថា “ការប្រើប្រាស់រថយន្តអគ្គិសនី ជួយសន្សំប្រាក់ ព្រោះវាងាយស្រួលសាកថ្ម ហើយមិនប៉ះពាល់ដល់បរិស្ថាន”។

យោងតាមប្រភពដដែល បានឱ្យដឹងបន្ថែមថា កម្ពុជាបានប្តេជ្ញាចិត្តថា នឹងបង្កើនចំនួនរថយន្តអគ្គិសនី អោយបាន៤០% និងម៉ូតូអគ្គិសនីអោយបាន ៧០% នៅឆ្នាំ២០៥០ ដើម្បីកាត់បន្ថយការបញ្ចេញកាបូន។ ដើម្បីសម្រេចបាននូវគោលដៅនេះ រាជរដ្ឋាភិបាលបានកាត់បន្ថយ ពន្ធនាំចូលលើរថយន្តអគ្គិសនី ចាប់តាំងពីឆ្នាំ២០២១ មកនៅត្រឹមប្រហែល៥០% ទាបជាងពន្ធ លើរថយន្តម៉ាស៊ីនធម្មតា ផងដែរ។