សៀមរាប៖ តំបន់អង្គរ ទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ២៣៥.៨៥០ នាក់ ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២៤ កើនឡើង៥០% ពីចំនួន ១៥៦.៩៥១ នាក់ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមរបាយការណ៍ ដែលចេញផ្សាយដោយគ្រឹះស្ថានអង្គរ នាពេលថ្មីៗនេះ។

បន្ថែមពីនេះ ប្រភពដដែល ក៏បានអោយដឹងទៀតថា តំបន់អង្គររកចំណូលបាន ១១,២ លានដុល្លារពីការលក់សំបុត្រ ក្នុងអំឡុងខែមករាដល់ខែកុម្ភៈឆ្នាំនេះ ដែលកើនឡើង ៥២% ពីចំនួន ៧,៣៨ លានដុល្លារក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

ដោយឡែក មន្ត្រីរាជរដ្ឋាភិបាល បានបង្ហាញការជឿជាក់ថា ឆ្នាំផ្លាស់ប្តូរវាងប្រជាជន និងប្រជាជន រវាងកម្ពុជា-ចិន ឆ្នាំ២០២៤ ដែលបានបើកកាលពីខែមករា នឹងក្លាយជាមេដែក ទាក់ទាញភ្ញៀវទេសចរចិនមកកម្ពុជា ជាពិសេសទៅកាន់តំបន់អង្គរ ឲ្យបានកាន់តែច្រើនផងដែរ។

ឯកឧត្តម សុខ សុកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងក្នុងពិធីបើកកម្មវិធី ឆ្នាំផ្លាស់ប្តូរវាងប្រជាជន និងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤ ដែលបានរៀបចំឡើង នៅលានជល់ដំរីថា “ខ្ញុំមានទំនុកចិត្តយ៉ាងមុតមាំថា ឆ្នាំផ្លាស់ប្តូរវាងប្រជាជន និងប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤ នឹងក្លាយជាកម្លាំងចលករថ្មីមួយ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនចិន មកកម្ពុជាកាន់តែច្រើន”។

សម្រាប់ ឯកឧត្តម តុប សុភ័គ ដែលជា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍វិញ សង្ឃឹមថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ កម្រិត 4E ដែលត្រូវបានដាក់ឱ្យ ដំណើរការកាលពីខែវិច្ឆិកា នឹងជួយទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ឱ្យចូលមកកម្សាន្តតំបន់អង្គរ កាន់តែច្រើន។

-1.jpg)
គូសសម្គាល់ផងថា តំបនអង្គរទំហំ៤០១ គីឡូម៉ែត្រការ៉េ ស្ថិតនៅភាគពាយព្យនៃខេត្តសៀមរាប មានប្រាសាទបុរាណផ្សេងៗទៀត ចំនួន៩១ប្រាសាទ ដែលត្រូវបានសាងសង់ឡើង ពីសតវត្សទី៩ ដល់ទី១៣ ។ តំបន់អង្គរត្រូវបានចុះក្នុង បញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ក្នុងឆ្នាំ១៩៩២ គឺជាគោលដៅទេសចរណ៍ ដ៏ពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជា។