មន្ទីរពេទ្យតេជោសែនកោះធំ គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះហើយ!


ភ្នំពេញ៖ នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤នេះ បើយោងតាម ការគូសបញ្ជាក់តាម បណ្តាញសង្គមហ្វេសប៊ុក របស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា មន្ទីរពេទ្យតេជោសែនកោះធំ មានទីតាំងស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្ដាល ដែលត្រូវបានបង្កើតឡើង ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម ស៊ុន ចាន់ថុលផ្ទាល់ ព្រមទាំងមានការចូលរួមពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា សប្បុរសជនក្នុងស្រុក និងក្រៅស្រុកទាំងអស់ រួមសហការជាមួយនឹង មន្ទីរពេទ្យកាល់ម៉ែត្រ ដើម្បីបម្រើឱ្យសុខមាលភាព ប្រជាពលរដ្ឋជារួម និងសម្រាប់អ្នកស្រុកកោះធំ គ្រោងនឹងបើកដំណើរការជាផ្លូវ នៅថ្ងៃទី ១៣មីនា ខាងមុខនេះហើយ។

ជាមួយគ្នានេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបន្តថា មន្ទីរពេទ្យនេះ បានសាងសង់អគារថ្មីចំនួន ០៣ខ្នង ទំហំសរុបស្មើនឹង ១២.៥៤៤,៤ ម៉ែត្រការ៉េ ដែលអាចផ្ទុកគ្រែអ្នកជម្ងឺ បានចំនួន ១៥០គ្រែ មានបំពាក់ដោយម៉ាស៊ីនត្រជាក់ ប្រព័ន្ធបច្ចេកវិទ្យាទំនើប Hospital Information System (HIS) សម្ភារៈបរិក្ខារពេទ្យ និងឧបករណ៍បច្ចេកទេសទំនើបៗ បម្រើឱ្យការព្យាបាល។

ជាក់ស្តែង អគារថ្មីចំនួន ០៣ខ្នង រួមមាន៖

១/ អគារមន្ទីរពេទ្យ ចំនួន ០១ខ្នង មាន០៣ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ ជាន់ទី១មានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ និងជាន់ទី២ មានទំហំ ៣.៥១៤,៨ ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០.៥៤៤,៤ ម៉ែត្រការ៉េ

២/ អគារខាងឆ្វេង ចំនួន ០១ខ្នង មាន០២ជាន់ ដែលជាន់ផ្ទាល់ដីមានទំហំ ៥០០ម៉ែត្រការ៉េ និងជាន់ទី១មានទំហំ ៥០០ ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០០០ ម៉ែត្រការ៉េ
៣/ អគារខាងស្តាំចំនួន០១ខ្នង មាន០២ជាន់ ដែលជាន់ផ្ទាល់ដី មានទំហំ៥០០ម៉ែត្រការ៉េ និងជាន់ទី១ មានទំហំ៥០០ម៉ែត្រការ៉េ ស្មើនឹងទំហំសរុប ១០០០ ម៉ែត្រការ៉េ។