កម្ពុជា សម្រេចកំណត់ «ផ្លូវបុប្ផាលាក់ខ្លួន» ឬផ្លូវជាតិលេខ៥៥ នៃតំបន់ភ្នំ ១៥០០ ជាតំបន់អភិរក្សធម្មជាតិ សម្រាប់ទេសចរណ៍!


ផ្លូវជាតិលេខ៥៥ នៃតំបន់ភ្នំ ១៥០០ ដែលសម្តេចតេជោ ហ៊ុន សែន ប្រសិទ្ធនាមថា «ផ្លូវបុប្ផាលាក់ខ្លួន» គឺជាផ្លូវឆ្លងកាត់ជ្រលងភ្នំ អមទៅដោយសម្រស់ធម្មជាតិស្រស់ត្រកាល និងមានភាពបត់បែន ពិបាកសាងសង់ជាងគេបំផុត នៅប្រទេសកម្ពុជា ពេលនេះត្រូវបាន កំណត់ជាតំបន់នោះ ជាតំបន់អភិរក្សធម្មជាតិថ្មី សម្រាប់បម្រើលើវិស័យទេសចរណ៍ជាអាទិភាព សម្រាប់ប្រយោជន៍រយៈពេលវែង។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសពិធីសម្ពោធ ឆ្លងព្រះបទុមចេតិយ វត្តមណីរតនារាម ខេត្តពោធិ៍សាត់ បានមានប្រសាសន៍ថា ផ្លូវបុប្ផាលាក់ខ្លួន ដែលស្ថិតនៅតំបន់ភ្នំ១៥០០ ឆ្លងកាត់ជ្រលងភ្នំបត់បែន បែបអន្ទង់អាំង មានប្រវែងជាង ១០ គីឡូម៉ែត្រ មានតែមួយគត់ក្នុងប្រទេសកម្ពុជា សម្បូរទៅដោយធនធានធម្មជាតិ ព្រៃឈើបៃតង ទឹកជ្រោះ រមណីដ្ឋានធម្មជាតិ រមណីដ្ឋានកែច្នៃ និងទេសភាពប្លែកពី ផ្លូវជាតិផ្សេងៗទៀត។ ដូចនេះ សម្តេចធិបតី បានណែនាំរដ្ឋបាលខេត្តពោធិ៍សាត់ និងមន្ទីរពាក់ព័ន្ធ ពិនិត្យមើល ហើយកំណត់តំបន់ ផ្លូវបុប្ផាលាក់ខ្លួន ទៅជាតំបន់អភិរក្ស ធម្មជាតិមួយក្នុងប្រទេស និងកំណត់កម្រិតនៃការអភិវឌ្ឍន៍ ដើម្បីរក្សាគម្របធនធានធម្មជាតិ បម្រើលើវិស័យទេសចរណ៍ សម្រាប់ប្រយោជន៍ជាតិ ក្នុងរយៈពេលយូរអង្វែង ទៅមុខទៀត។

សូមបញ្ជាក់ផងដែរថា តំបន់ផ្លូវបុប្ផាលាក់ខ្លួន មានភាពបត់បែនដូចអន្ទង់អាំង មានប្រវែងជាង ១០ គីឡូម៉ែត្រ ដែលជាផ្នែកដ៏ស្រស់ស្អាតបំផុត របស់ផ្លូវជាតិលេខ៥៥ ដែលមានប្រវែងសរុប ១៧០ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៥ ខេត្តពោធិ៍សាត់ ទៅកាន់ស្រុកវាលវែង និងថ្មដា រហូតដល់ច្រកព្រំដែនអន្តរជាតិ កម្ពុជា-ថៃ។

ផ្លូវជាតិលេខ៥៥ នេះត្រូវបានសម្ពោធប្រើប្រាស់ កាលពីខែមីនា ឆ្នាំ២០២០ ដែលមិនត្រឹមតែបម្រើ ការដឹកជញ្ជូនទំនិញ ការធ្វើដំណើរប្រជាពលរដ្ឋ ប៉ុណ្ណោះទេ ថែមទាំងជាផ្លូវដ៏មានសក្ដានុពល សម្រាប់បម្រើលើវិស័យទេសចរណ៍ ដោយសារតំបន់ផ្លូវអន្ទង់អាំង ឬផ្លូវបុប្ផាលាក់ខ្លួននេះ មានទេសភាពស្រស់ស្អាត សម្បូរទៅដោយគម្របព្រៃឈើបៃតងតាមដងផ្លូវ មានទឹកអូហូរតាមជ្រលងភ្នំ ទឹកជ្រោះ រមណីដ្ឋានធម្មជាតិនិងកែច្នៃ ចម្ការដំណាំច្រើនប្រភេទ និងមានបរិយាកាស ត្រជាក់ត្រកាល ដោយសារស្ថិតនៅតំបន់ភ្នំកម្ពស់ ១៦០០ ម៉ែត្រលើនីវ៉ូទឹកសមុទ្រ ឬ ៩០០ ម៉ែត្រពីទីទំនាប។