តំបន់សេដ្ឋកិច្ចពិសេសថ្មី របស់ Royal Group កំពុងត្រូវបានបង្កើតលើទំហំផ្ទៃដី ១៣០ ហិកតា នៅខេត្តកណ្តាល ដែលនឹងភ្ជាប់ទៅកាន់ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ តាមរយៈស្ទឹងព្រែកត្នោត


បើយោងតាម ហ្វេកប៊ុកផ្លូវការរបស់ Royal Group Phnom Penh SEZ ដែលបានចុះផ្សាយ កាលពីថ្ងៃទី៣០ ខែមីនាកន្លងទៅ បានឲ្យដឹងថា ក្រុមហ៊ុន រ៉ូយាល់ ហ្គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង កំពុងសម្រុកសាងសង់ តំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀតលើផ្ទៃដី ១២០ហិកតា ក្នុងខេត្តកណ្តាល ដែលភ្ជាប់ទៅនឹង តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ តាមរយៈស្ពានឆ្លងកាត់ស្ទឹងព្រែកត្នោត។

បន្ថែមពីនេះ ប្រភពដដែលបានឱ្យដឹងថា គម្រោងនេះ បានចាប់ផ្តើមចាក់ដីបំពេញទីតាំង និងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានគ្រឹះ នឹងរួចរាល់ជាបន្តបន្ទាប់ ដើម្បីអាចទទួលវិនិយោគថ្មីៗ បន្ថែមទៀតបាន នៅក្នុងឆ្នាំនេះតែម្តង។

យ៉ាងណា នៅពេលប្រតិបត្តិការពេញលេញ ក្រុមហ៊ុនថ្មីនេះ មានឈ្មោះថា Royal Group Kandal Special Economic Zone (RGKSEZ) ដែលរំពឹងទុកថា នឹងអាចបង្កើតការងារ បានប្រមាណជាង ២ម៉ឺនកន្លែងជូនប្រពលរដ្ឋកម្ពុជា។

ស្របពេលដែលកំពុងសាងសង់ តំបន់សេដ្ឋកិច្ចពិសេសនៅខេត្តកណ្តាល នៅក្នុងឆ្នាំ ២០២៤ នេះ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក៏គ្រោងនឹងបើកដំណើរការ រោងចក្រតម្លើងរថយន្តម៉ាកតូយ៉ូតា របស់ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd., ហើយគ្រោងនឹង បើកដំណើរការក្រុមហ៊ុន Metal Jewelry (Cambodia) Co., Ltd., ដែលជាវិនិយោគិនដំបូង មកពីបារាំង ដែលវិនិយោគលើវិស័យច្នៃម៉ូតគ្រឿងអលង្ការ ផងដែរ។

គូសសម្គាល់ផងថា ក្នុងរយៈពេល ២ខែដំបូងឆ្នាំ២០២៤ តំបន់សេដ្ឋកិច្ចពិសេសនេះ មានទំហំពាណិជ្ជកម្មនាំចេញប្រមាណ ២៦៤លានដុល្លារ កើន៥% ធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំមុន ហើយរំពឹងទុកថា នឹងបំបែកកំណត់ត្រាជាថ្មី ម្តងទៀតនូវទំហំពាណិជ្ជកម្ម នាំចេញប្រមាណ ២ពាន់លានដុល្លារ នៅឆ្នាំនេះ។

រម្លឹកដែរថា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៦ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលបច្ចុប្បន្នជាតំបន់ឧស្សាហកម្មចម្រុះនាំមុខគេ នៅរាជធានីភ្នំពេញ ដែលសហគ្រាសកម្មន្ត សាលចំនួន៨៥ និងសហគ្រាសមិនមែនកម្មន្តសាលចំនួន២៩ ដែលកំពុងប្រើប្រាស់បុគ្គលិក-កម្មករជាង ៤៣ ០០០នាក់ឯណោះ និងផ្តល់ចំណូល ជូនជាតិបានច្រើនផងដែរ ក្នុងពេលមួយឆ្នាំៗ។