កាលពីពេលថ្មីៗនេះ ក្រុមការងារបច្ចេកទេសអន្តរក្រសួង បានធ្វើការកោះប្រជុំ សម្របសម្រួលទៅលើការរៀបចំផែនការមេ អភិវឌ្ឍខេត្តព្រះសីហនុទៅជា តំបន់សេដ្ឋកិច្ចគំរូពហុបំណង (ក.ប.ស.ផ.)។
ជាក់ស្តែង កិច្ចប្រជុំនេះដែរ ត្រូវបានដឹកនាំដោយ លោកបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន ក.ប.ស.ផ. ដោយមានការចូលរួមពីវិទ្យាស្ថាន នគររូបនីយកម្ម និងឌីសាញសិនជិន (UPDIS) និងតំណាង ក្រសួង-ស្ថាប័នពាក់ព័ន្ធ ចំនួន ២៧ ជាពិសេសគណៈអភិបាល តំណាងមន្ទីរសំខាន់ៗរបស់ខេត្ត ជាប់ឆ្នេរសមុទ្រទាំងបួន ផងដែរ។
ក្នុងឱកាសនោះដែរ អង្គប្រជុំបានពិភាក្សា និងផ្តល់មតិលើខ្លឹមសារសំខាន់ៗ ក្នុងន័យបំពេញបន្ថែម លើផ្នែកទិន្នន័យពាក់ព័ន្ធ និងទិសដៅអភិវឌ្ឍន៍ ឱ្យមានភាពបន្ស៊ីគ្នាកាន់តែខ្លាំង ទាំងកម្រិតគោលនយោបាយជាតិ និងការអភិវឌ្ឍថ្នាក់ក្រោមជាតិ។
ជាលទ្ធផល ក្រុមការងារលេខាធិការដ្ឋាន ក.ប.ស.ផ. នឹងបូកសរុបមតិយោបល់ទាំងនេះ និងកែសម្រួលរបាយការណនេះ ក្នុងគោលបំណង ដាក់ជូនគណៈកម្មការអន្តរក្រសួង សម្របសម្រួលផែនការមេ ដើម្បីពិនិត្យ និងផ្ដល់មតិយោបល់បន្ថែម មុនដាក់ជូន រាជរដ្ឋាភិបាលអនុម័ត នាពេលឆាប់ៗខាងមុខ។