Yahoo Finance ៖ កម្ពុជា ជាប់លេខ ១០ ក្នុងតារាងប្រទេសទាំង២០ នៅតំបន់អាស៊ី ដែលមានតម្លៃសមរម្យ និងការចំណាយទាប សម្រាប់ភ្ញៀវទេសចរ មកទស្សនា និងធ្វើដំណើរកម្សាន្ត!


អន្តរជាតិ៖ បើយោងតាមអត្ថបទ ដែលធ្វើការចុះផ្សាយដោយ គេហទំព័រសារព័ត៌មាន Yahoo Finance រៀបរាប់អំពីបណ្តាប្រទេសចំនួន ២០ ស្ថិតនៅតំបន់អាស៊ី ដែលពលរដ្ឋអាមេរិក អាចធ្វើដំណើរទៅកម្សាន្ត ដោយចំណាយសមរម្យ និងល្អបំផុត។

ជាកស្តែង ក្នុងចំណោមបណ្តាប្រទេសទាំង២០នោះ ក៏រួមមាន កម្ពុជាយើងផងដែរ ដោយកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ១០ ដែលការចំណាយ ទាំងថ្លៃសំបុត្រធ្វើដំណើរ និងថ្លៃចំណាយស្នាក់នៅ មានកម្រិតសមរម្យបំផុត។

ប្រភពព័ត៌មានខាងលើ បានឲ្យដឹងបន្តថា ថ្លៃសំបុត្រធ្វើដំណើររវាងកម្ពុជា និងសហរដ្ឋអាមេរិក មានតម្លៃ១.៩៧២ដុល្លារ និងថ្លៃចំណាយជាមធ្យម ក្នុងអំឡុងពេលស្នាក់នៅចំនួន ៧៤៨ដុល្លារ។ ដូចនេះ ថ្លៃចំណាយសរុប គឺស្មើនឹង ២.៧២០ដុល្លារ សម្រាប់មនុស្សចំនួន ២នាក់ ផងដែរ។

សម្រាប់គោលដៅទេសចរណ៍ ដ៏សំខាន់ជាងគេនៅប្រទេសកម្ពុជា គឺការទៅទស្សនា សំណង់ថ្មប្រាសាទបុរាណ ជាច្រើនប្រភេទ ស្ថិតនៅក្នុងខេត្តសៀមរាប ដែលជាស្នាដៃដ៏អស្ចារ្យ ផ្នែកស្ថាបត្យកម្មរបស់ដូនតាខ្មែរ ពីសម័យបុរាណ។

ក្នុងនោះ ប្រាសាទអង្គរវត្ត គឺជាប្រាសាទសាសនា ដ៏ធំបំផុតនៅក្នុងពិភពលោក និងជាអច្ឆរិយៈវត្ថុទី៨ របស់ពិភពលោក។ លើសពីនេះទៅទៀត ប្រាសាទតាព្រហ្ម  ដែលត្រូវបានរុំព័ទ្ធទៅដោយ ដើមឈើធំៗ ដែលមានអាយុកាល ជាច្រើនសតវត្សរ៍ ក៏ជាគោលដៅទេសចរណ៍ ដ៏លេចធ្លោមួយទៀត សម្រាប់ភ្ញៀវទេសចរបរទេសផងដែរ ដើម្បីធ្វើការទស្សនា និងផ្តិតរូបភាព យ៉ាងស្រស់ស្អាត និងមានភាពទាក់ទាញ។

មិនទាន់អស់ទេ កម្ពុជាក៏មានទេសភាពឆ្នេរ ដ៏ស្រស់បំព្រងបំផុត ប្រចាំតំបន់អាស៊ី ដែលផ្តល់លក្ខណៈអំណោយផលល្អ សម្រាប់ការសម្រាកវិស្សមកាល នៅមាត់សមុទ្រ ក៏ដូចជាសម្រាប់ ដំណើរទេសចរណ៍ បែបវប្បធម៌ដូចគ្នាដែរ។

ដោយឡែក បើក្នុងតារាងនៃប្រទេសទាំង២០នោះ ប្រទេសជាប់ចំណាត់ថ្នាក់លេខ១ គឺប្រទេសហ្វីលីពីន តាមពីក្រោយដោយ ប្រទេសឥណ្ឌា វៀតណាម បង់ក្លាដែស ប៉ាគីស្ថាន ថៃ ម៉ាឡេស៊ី អ៊ូបេគីស្ថាន អាស៊ែបៃហ្សង់ និងកម្ពុជា ដែលស្ថិតនៅលេខរៀងទី១០ ខណៈចំណាត់ថ្នាក់លេខ២០ ចុងក្រោយគេបានធ្លាក់ទៅលើប្រទេសចិន។

ក្នុងការវាយតម្លៃចំណាត់ថ្នាក់ទាំងនេះ និងសម្រេចចេញជាលទ្ធផល គេហទំព័រ Yahoo បានដកស្រង់ទិន្នន័យ ជើងហោះហើរ ដែលមានតម្លៃថោកបំផុត ពីសហរដ្ឋអាមេរិក សម្រាប់មនុស្សពេញវ័យចំនួន២នាក់ ចេញពីវេបសាយ Google Flights ដោយជ្រើសរើសយក អាកាសយានដ្ឋាន John F. Kennedy នៅទីក្រុងញ៉ូវយ៉ក ជាចំណុចចេញដំណើររួម។

បន្ថែមពីនេះ គេហទំព័រ Yahoo ក៏បានប្រើប្រាស់វេបសាយ Budgetyourtrip និងវេបសាយ Whereandwhen ដើម្បីដកស្រង់ទិន្នន័យអំពី ចំនួនទឹកប្រាក់មធ្យម ដែលត្រូវចំណាយ រយៈពេលមួយសប្តាហ៍ ក្នុងប្រទេសនីមួយៗ ផងដែរ។