National Geographic ៖ ការដាក់បញ្ចូលប្រាសាទកោះកេរ របស់កម្ពុជា ទៅក្នុងបញ្ជីបេតិកភណ្ឌរបស់ UNESCO ជារឿងរំភើបជាទីមោទនៈ និងជាកន្លែងទាក់ទាញ ភ្ញៀវទេសចរបន្ថែមទៀត ក្រៅពីអង្គរវត្ត!


អន្តរជាតិ៖ នាពេលថ្មីៗកន្លទៅនេះ ទស្សនាវដ្ដី National Geographic ដ៏ល្បីល្បាញ បានបង្ហាញពីប្រាសាទកោះកេរ ដែលទើបត្រូវបានចុះក្នុង បញ្ជីរបស់អង្គការយូណេស្កូ ក្នុងចំណោមប្រាសាទ នៃអាណាចក្រខ្មែរបុរាណរបស់កម្ពុជា។

ជាក់ស្តែង ក្នុងអត្ថបទដកស្រង់ពីទស្សនាវដ្តីនេះ បានបន្ថែមថា “មួយរយៈមកនេះ វិស័យទេសចរណ៍កម្ពុជា កំពុងស្ថិតលើការព្រួយបារម្ភ និងមានផលប៉ះពាល់អវិជ្ជមានច្រើន ជាពិសេសនៅតំបន់ប្រាសាទអង្គរវត្ត។ ដូច្នេះ ការដាក់បញ្ចូលប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ត្រូវបានស្វាគមន៍ និងមានអារម្មណ៍ថាធូរស្បើយ យ៉ាងច្រើន ក្នុងការទាក់ទាញភ្ញៀវទេសចរមកវិញ។”

ដោយឡែក លោក Jean-Benoît Lasselin នៃ C4 Adventures បាននិយាយថា ការបន្ថែមប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌ របស់អង្គការយូណេស្កូ នាំមកនូវភាពទាក់ទាញថ្មីដល់ វិស័យទេសចរណ៍របស់កម្ពុជា។ ប្រាសាទកោះកេរ ដែលជាគោលដៅទេសចរណ៍ថ្មី បានធ្វើពិពិធកម្មទេសចរណ៍ ក្រៅពីតំបន់រមណីយដ្ឋានបុរាណអង្គរ ដោយទាក់ទាញអ្នកធ្វើដំណើរ ដែលស្វែងរកបទពិសោធន៍ វប្បធម៌ប្លែកៗ។ ការធ្វើពិពិធកម្មនេះ មានសារៈសំខាន់ណាស់ សម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍ ប្រកបដោយនិរន្តរភាព ព្រោះវាជួយបន្ធូរបន្ថយ សម្ពាធលើកន្លែងដែលមាន មនុស្សទៅលេងច្រើន និងចែកចាយប្រាក់ចំណូលទេសចរណ៍ ឱ្យបានស្មើៗគ្នា នៅទូទាំងប្រទេស។

សម្រាប់លោក Christian de Boer នាយកគ្រប់គ្រងសណ្ឋាគារ Jaya House Hotels បាននិយាយថា “ប្រាសាទអង្គរវត្ត គឺជាប្រាសាទអង្គរវត្ត ហើយមិនអាចយកអ្វី មកជំនួសបានទេ។ ប្រាសាទកោះកេរ នឹងបន្ថែមភាពស្រស់ស្អាតសម្រាប់កម្ពុជា ទៅលើប្រាសាទបុរាណដ៏អស្ចារ្យ។”

Nick Ray អ្នករួមចំណែក Lonely Planet បាននិយាយថា បញ្ហាប្រឈមគឺ របៀបទាក់ទាញភ្ញៀវទេសចរ ឱ្យទៅទស្សនាលើសពី ប្រាសាទអង្គរវត្ត។ មានប្រាង្គប្រាសាទជាច្រើន នៅជុំវិញអង្គរ ដែលពិតជាត្រូវមានចំណុចលក់ពិសេស ដើម្បីទាក់ទាញភ្ញៀវទេសចរពីអង្គរ ឱ្យមកលេងប្រាសាទកោះកេរផងដែរ។

យ៉ាងណា អាជ្ញាធរជាតិព្រះវិហារ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយកន្លទៅ បានប្រកាសថាមានការកើនឡើង នៃភ្ញៀវទេសចរទៅកាន់ប្រាសាទកោះកេរ ដ៏គួរភ្ញាក់ផ្អើលយ៉ាងខ្លាំង គឺមាន ៧១,២% ធៀបនឹងឆ្នាំមុន។ ប្រាសាទកោះកេរ ឬហៅម្យ៉ាងទៀតថា ឆកគគីរ តាមសិលាចារឹកខ្មែរបុរាណ  មានតាំងពីសតវត្សទី១០ និងជាប្រាសាទដែលជា អតីតរាជធានីនៃអាណាចក្រខ្មែរ។