គម្រោងសាងសង់ ផ្លូវភាគខាងលិចប្រទេសកម្ពុជា ដែលមានប្រវែងជិត ២០០ គីឡូម៉ែត្រ ឆ្លងកាត់តំបន់ព្រៃភ្នំជ្រលងដងអូរ ស្ថិតនៅតំបន់ជួរភ្នំក្រវាញ តភ្ជាប់ពីខេត្តបាត់ដំបង ពោធិ៍សាត់ រហូតដល់ខេត្តកោះកុង បានសម្រេចការងារសាងសង់ ប្រមាណ ៨៣% មកហើយ នៃគម្រោងទាំងមូល បន្ទាប់ពីបានបើកការដ្ឋានអស់ ៤ ឆ្នាំកន្លះ នឹងត្រៀមបញ្ចប់ទាំងស្រុង នៅពាក់កណ្ដាលឆ្នាំ២០២៥ ខាងមុខនេះ។
ផ្លូវជាតិលេខ១០ ជាផ្លូវរយុទ្ធសាស្ត្រមួយ នៅភាគខាងលិចប្រទេសកម្ពុជា តភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង, ស្រុកវាលវែង ខេត្តពោធិ៍សាត់, រហូតដល់ អូរសោម ខេត្តកោះកុង ដែលចំណេញការធ្វើដំណើរបានជាង ១០០ គីឡូម៉ែត្រ ពោលយើងអាចធ្វើដំណើរ ពីបាត់ដំបង មកដល់កោះកុង ដោយពុំចាំបាច់ឆ្លងកាត់រាជធានីភ្នំពេញនោះទេ។ ផ្លូវមួយខ្សែនេះ មិនត្រឹមតែតភ្ជាប់ចរន្ដសេដ្ឋកិច្ចនៃខេត្តទាំង ៣ និងសម្រួលការធ្វើដំណើររហ័សប៉ុណ្ណោះទេ ថែមទាំងជាផ្លូវសម្រាប់ភ្ជាប់សេដ្ឋកិច្ចអន្តរជាតិ រវាងប្រទេសកម្ពុជា និងប្រទេសថៃ ផងដែរ។
គិតមកត្រឹមដើមខែមេសា ឆ្នាំ២០២៤ គម្រោងសាងសង់ផ្លូវជាតិលេខ១០ នេះសម្រេចការងារបានជាង ៨៣% មកហើយ ដោយក្នុងនោះរួមមាន៖ ការងារចាក់កៅស៊ូពីខាងខេត្តកោះកុង ឆ្ពោះទៅកាន់រង្វង់មូលប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ សម្រេចបាន ៨០% ការងារស្ពានអនុវត្តបាន ៨៦% ការងារសាងសង់ស្ពានខ្ពស់បំផុតនៅកម្ពុជា ប្រវែង ៥៣០ ម៉ែត្រ កម្ពស់ ៧៥ ម៉ែត្រពីជ្រលងភ្នំ សម្រេចបាន ៤០% ការងារដាក់លូកាត់ទទឹងផ្លូវសម្រេចបាន ៩៨% ការងារដាក់លូវបណ្ដោយផ្លូវ និងជញ្ជាំងការងារជើងទេរ អនុវត្តបាន ៨៧% មកហើយ។
សូមបញ្ជាក់ថា គម្រោងផ្លូវជាតិលេខ១០ ត្រូវបានបើកការដ្ឋានកាលពីខែធ្នូ ឆ្នាំ២០១៩ នឹងគ្រោងបញ្ចប់នៅត្រឹមខែមិថុនា ឆ្នាំ២០២៥ គម្រោងនេះ ត្រូវបានអនុវត្តសាងសង់ផ្លូវសរុបប្រវែង ១៩៨ គីឡូម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូ ២ ស្រទាប់ DBST ម៉ៅការដោយក្រុមហ៊ុន សាជីវកម្មស្ពានថ្នល់ចិន (CRBC) ក្រោមកម្ចីហិរញ្ញប្បទានពីរដ្ឋាភិបាលចិន គ្រោងនឹងចំណាយថវិកាសរុប ១៨៨ លានដុល្លារ។