ត្រីមាសទី១ នៃឆ្នាំនេះ កម្ពុជា រកចំណូលពីការនាំចេញកៅស៊ូបាន ៣១៧ លានដុល្លារ កើនឡើង ៨៨,៦% បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន!


ភ្នំពេញ៖ កម្ពុជា រកចំណូលបាន ៣១៧ លានដុល្លារ ពីការនាំចេញកៅស៊ូ ក្នុងត្រីមាសទីមួយ នៃឆ្នាំនេះ កើនឡើង ៨៨,៦% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន នេះបើយោងតាមទិន្នន័យ ពាណិជ្ជកម្មចុងក្រោយរបស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករ។

ប្រភពដដែល ក៏បានបញ្ជាក់ពី និន្នាការកើនឡើងក្នុង ការនាំចេញកៅស៊ូរបស់កម្ពុជា ដែលបានចាប់ផ្តើម នៅពាក់កណ្តាលឆ្នាំ២០២២ បន្តដល់ឆ្នាំ២០២៤ផងដែរ។ ការនាំចេញបានកើនឡើង ទោះបីជាមានការធ្លាក់ចុះ នៃការផលិតកៅស៊ូធម្មជាតិ ជាសាកលរួម នឹងការឡើងថ្លៃក៏ដោយ។

គួររម្លឹកដែរថា កម្ពុជារកចំណូលបាន ៩១៩ លានដុល្លារពីការនាំចេញកៅស៊ូ និងផលិតផលពីកៅស៊ូនៅឆ្នាំ ២០២៣ ដែលមានកំណើន ៦៩,៦% ធៀបនឹងឆ្នាំ ២០២២។ ទីផ្សារកៅស៊ូកម្ពុជា ភាគច្រើនរួមមាន ចិន វៀតណាម ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌា និងសហភាពអឺរ៉ុប។

ដោយឡែក បើយោងតាម សមាគមប្រទេស ផលិតកៅស៊ូធម្មជាតិ (ANRPC) ដែលមានមូលដ្ឋាននៅ ទីក្រុងកូឡាឡាំពួរបានឱ្យដឹងថា ការផ្លាស់ប្តូរជាវិជ្ជមាន នៃតម្លៃកៅស៊ូធម្មជាតិ ភាគច្រើនអាចបណ្តាលមកពី ការផ្គត់ផ្គង់ទំនិញតឹងតែង ដែលមិននឹកស្មានដល់ ជាពិសេសប្រទេស ផលិតកៅស៊ូធម្មជាតិជាច្រើន  ឈានចូលដល់ រដូវស្លឹកឈើជ្រុះ។

យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គិតត្រឹមឆ្នាំ២០២១ កម្ពុជាមានចម្ការកៅស៊ូជាង ៤០ម៉ឺនហិកតា។ កម្ពុជាក៏មានរោងចក្រ កែច្នៃកៅស៊ូ និងមជ្ឈមណ្ឌលសិប្បកម្មចំនួន ១៦៨ ក្នុងខេត្តចំនួន១១ ផងដែរ។

ខណៈពេលដែល កម្ពុជាកំពុងនាំចេញ ជ័រកៅស៊ូធម្មជាតិស្ទើរតែទាំងអស់ កាលពីប៉ុន្មានឆ្នាំមុន និងការបើកដំណើរការ រោងចក្រផលិតសំបកកង់ជាច្រើន ជាពិសេសដោយ ក្រុមហ៊ុនចិនកាលពីឆ្នាំមុន បានធ្វើឱ្យតម្រូវការក្នុងស្រុក កើនឡើងខ្ពស់សម្រាប់ កៅស៊ូកម្ពុជា។

រោងចក្រផលិតសំបកកង់ របស់ចិននៅកម្ពុជា រួមមានរោងចក្រ ដែលមានទុនវិនិយោគចំនួន ៣០០លានដុល្លារ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ (SSEZ) ដែលបានបើកដំណើរការ កាលពីឆ្នាំមុន។ រោងចក្រនេះមានសមត្ថភាព ផលិតសំបកកង់សសៃដែកពាក់កណ្តាល ( semi-steel radial tyres) បានប្រាំលានសំបកកង់ និងសំបកកង់សសៃដែកពេញ (all-steel radial tyres) ចំនួន ៩០០ ០០០ សំបកកង់ ក្នុងមួយឆ្នាំ។

បន្ថែមពីនេះ ក្រុមហ៊ុន Doublestar Tire Industrial របស់ប្រទេសចិន ថ្មីៗនេះបានចាប់ផ្តើម សាងសង់រោងចក្រដែលមានទំហំទឹកប្រាក់ ២០០ លានដុល្លាររបស់ខ្លួន នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តក្រចេះ ជាមួយនឹងសមត្ថភាព ផលិតសំបកកង់ ប្រចាំឆ្នាំចំនួន ៨,៥ លានសំបកកង់។

ថ្មីៗនេះផងដែរ ក្រុមហ៊ុន Cart Tire Co Ltd ដែលជាក្រុមហ៊ុន ផលិតសំបកកង់ទំនើបធំជាងគេ របស់ចិន ដែលប្រតិបត្តិការ ក្នុងនាមក្រុមហ៊ុន Sailun Group បានបើកដំណើរការ ផលិតសំបកកង់រថយន្តដំបូង របស់ខ្លួន ដែលផលិតនៅក្នុងប្រទេសកម្ពុជា ដែលមានឈ្មោះថា “Sailun” ផងដែរ។