ភ្នំពេញ៖ បើយោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ដែលបានបង្ហាញឲ្យដឹង នាពេលថ្មីៗនេះថា ក្នុងត្រីមាសទី ១ កម្ពុជាបាននាំចេញទំនិញកាត់ដេរ ស្បែកជើង និងទំនិញធ្វើដំណើររហូតដល់ ២០% ស្មើនឹងប្រមាន ២,៩ ពាន់លានដុល្លារ នេះបើធៀបនឹង ២,៤ ពាន់លានដុល្លារនៃការនាំចេញក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ជាក់ស្តែង បើរាប់ពីខែមករា ដល់ខែមីនា ការនាំចេញសម្លៀកបំពាក់ និងវាយនភណ្ឌបានកើនឡើង ២៣% ដែលមានតម្លៃ ២,១៦ពាន់លានដុល្លារពី ១,៧៥ពាន់លានដុល្លារ។
ដោយឡែក ទំនិញធ្វើដំណើរមានកំណើន ខ្ពស់បំផុតចំនួន ១៦,៦% ដល់ ៤២៨ លានដុល្លារពី ៣៦៧ លានដុល្លារ ខណៈដែលការនាំចេញស្បែកជើង កើនឡើងខ្ពស់រហូតដល់ ៦,៩% ស្មើនឹង ៣៤៦ លានដុល្លារពី ៣២៤លានដុល្លារ។
គូសសម្គាល់ផងថា ក្នុងនាមជាវិស័យរកប្រាក់ចំណូល ឧស្សាហកម្មកាត់ដេរ វាយនភ័ណ្ឌ ស្បែកជើង និងទំនិញធ្វើដំណើរ បាននាំមកនូវរូបិយប័ណ្ណបរទេស ច្រើនបំផុតសម្រាប់កម្ពុជា។ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងបណ្តាប្រទេសអាស៊ាន គឺជាទីផ្សារនាំចេញដ៏ធំបំផុត របស់កម្ពុជា សម្រាប់ទំនិញវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ។
គួរឲ្យដឹងដែរថា នៅកម្ពុជាមានរោងចក្រប្រហែល ១ ៣០០រោងចក្រ ដែលកំពុងដំណើការក្នុងវិស័យនេះ ដោយផ្តល់ការងារ ដល់កម្មករចំនួនប្រមាណ ៩០០ ០០០ នាក់។
បើយោងតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ទំហំពាណិជ្ជកម្មរបស់កម្ពុជា ជាមួយបណ្តាប្រទេសអាស៊ានផ្សេងទៀត បានកើនឡើងជិត ១៩% ដល់ ៤,៣២ ពាន់លានដុល្លារក្នុងត្រីមាសទីមួយ។
ការនាំចេញផលិតផលកសិកម្ម សម្លៀកបំពាក់ ស្បែកជើង ទំនិញធ្វើដំណើរ គ្រឿងអេឡិចត្រូនិក និងកង់ ទៅបណ្តាប្រទេសអាស៊ាន បានកើនឡើង ៣៣% ដល់ ១,៧៧ ពាន់លានដុល្លារពីខែមករា ដល់ខែមីនា។
ដោយការនាំចេញបន្តកើនឡើង ចំនួនរោងចក្រនៅកម្ពុជា បានបន្តកើនឡើង ៧,២%។ បើយោងតាមរបាយការណ៍ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឲ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ២០២៣ កម្ពុជាមានរោងចក្រដំណើរការរហូតដល់ ២ ១២៥ រោងចក្រ។