ជើងហោះហើរត្រង់រវាងក្រុងភ្នំពេញ និងទីក្រុងញូវដេលី ដែលបើកដំណើរការនៅខែក្រោយ នឹងជួយជម្រុញកំណើនទេសចរណ៍ រវាងប្រទេសទាំងពីរ និងសកម្មភាពអាជីវកម្មផ្សេងទៀត!


ភ្នំពេញ៖ ដំណើរការនៃការបើក ជើងហោះហើរត្រង់រវាងទីក្រុងភ្នំពេញ និងទីក្រុងញូវដេលី(New Delhi)នៅខែក្រោយដោយ ក្រុមហ៊ុនអាកាសចរណ៍ជាតិ ខេមបូឌា អង្គរ អ៊ែរ (Cambodia Angkor Air) ភ្ញៀវទេសចរ នៅក្នុងប្រទេសទាំងពីរ ត្រូវបានគេរំពឹងថា នឹងទទួលបានការកើនឡើង រួមជាមួយនឹងសកម្មភាពអាជីវកម្មផ្សេងទៀត និងការផ្លាស់ប្ដូររវាង ប្រជាជននិងប្រជាជនផងដែរ។

ជាក់ស្តែង ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌា លោក កុយ គួង បានព្យាករណ៍ថា ចំនួនភ្ញៀវទេសចរនឹងកើនឡើងពីរដង ក្នុងប្រទេសទាំងពីរ ក្នុងឱកាសឡើងថ្លែងសុន្ទរកថា ក្នុងសន្និសីទសារព័ត៌មាន ក្នុងទីក្រុងញូដេលី កាលពីថ្ងៃ ១៤ ឧសភាកន្លងទៅ។

ក្នុងនោះដែរ លោក កុយ គួង រួមជាមួយនឹងតំណាង ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អង្គរ អ៊ែរ ក្រសួងទេសចរណ៍ និងអាជ្ញាធរឥណ្ឌា បានមានប្រសាសន៍ថា ការបើកដំណើរការផ្លូវអាកាសថ្មីនេះ គឺជាការតភ្ជាប់ជើងហោះហើរត្រង់ លើកដំបូងដែលមិនធ្លាប់មាន រវាងរាជធានីនៃប្រទេសទាំងពីរ។ លោកបានបន្តថា វាក៏ជាការបង្ហាញយ៉ាងច្បាស់ ពីកំណើនតម្រូវការ សេវាធ្វើដំណើររវាងកម្ពុជា និងឥណ្ឌា។

បន្ថែមពីនេះ លោកបានពន្យល់ថា មុនការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០១៨ និង ឆ្នាំ២០១៩ កម្ពុជាទទួលបានភ្ញៀវទេសចរឥណ្ឌា ប្រមាណ ៧៥ ០០០ នាក់ មកទស្សនាប្រទេសកម្ពុជា ជារៀងរាល់ឆ្នាំ។

ខណៈដែលលោកបានកត់សម្គាល់ថា ចំនួននេះបានធ្លាក់ចុះ ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ សរុបប្រហែល ៤៥ ០០០ នាក់ ក្នុងមួយឆ្នាំ ក្នុងឆ្នាំ២០២១ ហើយនឹងងើបឡើងវិញបន្តិចម្តងៗ ជាបន្តបន្ទាប់ ហើយជើងហោះហើរត្រង់ថ្មី នឹងធ្វើឱ្យការធ្វើដំណើរ កាន់តែងាយស្រួល ជាងពេលណាទាំងអស់ ដោយរំពឹងថានឹងមានកំណើនភ្ញៀវទេសចរ ពីប្រទេសឥណ្ឌា។

ក្រៅពីវិស័យទេសចរណ៍ និងការធ្វើដំណើរកម្សាន្ត លោក កុយ គួង ក៏រំពឹងថានឹងមានការកើនឡើង ក្នុងការធ្វើដំណើរអាជីវកម្ម ពីប្រទេសឥណ្ឌាជាមួយនឹង ដំណើរការនៃការតភ្ជាប់ ជើងហោះហើរត្រង់ជាប្រចាំ ផងដែរ។

លោកថា ការហោះហើរត្រង់រវាងរាជធានីទាំងពីរ នឹងជួយសម្រួលដល់ សហគ្រិនឥណ្ឌា ក្នុងការវិនិយោគក្នុងសេដ្ឋកិច្ចដែល កំពុងលូតលាស់យ៉ាងលឿន របស់កម្ពុជា។

គូសសម្គាល់ដែរថា ចាប់ពីថ្ងៃទី១៦ ខែមិថុនា ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អង្គរ អ៊ែរ នឹងហោះហើរទៅកាន់ទីក្រុងញូដេលី ចំនួនបួនដងក្នុងមួយសប្តាហ៍ គឺនៅថ្ងៃច័ន្ទ ពុធ សុក្រ និងថ្ងៃអាទិត្យ ហើយនឹងដំណើរការ ក្រោមលេខកូដជើងហោះហើរ K6760/K6761។

យោងតាមក្រុមហ៊ុនអាកាសចរណ៍ បានឱ្យដឹងថា សំបុត្រក្នុងមនុស្សម្នាក់ សម្រាប់ការធ្វើដំណើរទៅមក ពីទីក្រុងញូវដេលី ទៅកាន់ទីក្រុងភ្នំពេញ នឹងមានលក់ក្នុងតម្លៃ ប្រមាណ ២៧៥ដុល្លារ បូករួមទាំងពន្ធផងដែរ។