អាចទេ ម៉ាឡេស៊ីនឹងក្លាយជាទីផ្សារថ្មី ដ៏មានសក្តានុពល សម្រាប់ម្រេចខ្មែរ?


ភ្នំពេញ៖ នាពេលថ្មីៗនេះ សហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា (CPSF) បានកំពុងស្វែងរកមធ្យោបាយ ផ្សព្វផ្សាយម្រេចរបស់កម្ពុជា នៅលើទីផ្សារម៉ាឡេស៊ី ដោយសង្កត់ធ្ងន់ថា ប្រទេសដែលជាសមាជិកអាស៊ានមួយនេះ មានសក្តានុពល សម្រាប់ម្រេចសរីរាង្គ។

ជាក់ស្តែង CPSF បានចូលរួមសន្និសីទ ឧស្សាហកម្មម៉ាឡេស៊ីឆ្នាំ២០២៤ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែឧសភា ដោយបង្ហាញពីសក្តានុពលដ៏ធំធេង នៃឧស្សាហកម្មម្រេចរបស់កម្ពុជា ទៅកាន់អ្នកទិញម៉ាឡេស៊ី  និងអ្នកចូលរួមបរទេស ផ្សេងទៀត។

ក្នុងនោះដែរ លោក វ៉ន វណ្ណាល់ ដែលជាអគ្គនាយករបស់ CPSF បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ដ៏មានកិត្យានុភាពនេះ បានផ្តល់វេទិកាពិសេសមួយ សម្រាប់ CPSF ដើម្បីបង្ហាញពីជំនាញរបស់ខ្លួន ក្នុងកិច្ចសហប្រតិបត្តិការលើ វិស័យម្រេចអន្តរជាតិ។ តាមរយៈការចូលរួម នៅក្នុងសន្និសិទនេះ CPSF មានឱកាសដ៏ល្អ មិនត្រឹមតែដើម្បី ផ្សព្វផ្សាយម្រេចខ្មែរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើត ភាពជាដៃគូដែលមានភាពសកម្ម និងមានតម្លៃចំពោះ ក្រុមប្រឹក្សាភិបាលម្រេចម៉ាឡេស៊ី និងអ្នកនាំចូលដែលមាន សក្តានុពលមកពីជុំវិញពិភពលោកផងដែរ។

បន្ថែមពីនេះ លោកបានមានប្រសាសន៍ថា សន្និសីទឧស្សាហកម្មម៉ាឡេស៊ី បានបម្រើការជាវេទិកាមួយសម្រាប់ CPSF ដើម្បីប្រមូលផ្តុំអ្នកដឹកនាំ ឧស្សាហកម្ម អ្នកជំនាញ និងអ្នកនាំចូលដ៏មានសក្តានុពល បង្កើតច្រកផ្លូវសម្រាប់ ការពិភាក្សាប្រកបដោយផ្លែផ្កា និងឱកាសភ្ជាប់ទំនាក់ទំនង។ សន្និសីទបានផ្តល់នូវវេទិកាមួយសម្រាប់ CPSF ដើម្បីបង្ហាញពីគុណភាពខ្ពស់ និងលក្ខណៈពិតប្រាកដ នៃម្រេចខ្មែរទាំង GI និងសរីរាង្គ ដោយកំណត់ជាទំនិញ នៅក្នុងទីផ្សារសកលលោក។

ដូចគ្នានេះដែរ CPSF ក៏មានបំណងចង់ផ្សព្វផ្សាយទំនិញ ដល់ក្រុមហ៊ុនអន្តរជាតិផ្សេងទៀត ដែលវិនិយោគនៅប្រទេសម៉ាឡេស៊ី ដើម្បីយល់ដឹងកាន់តែច្បាស់ អំពីផលិតផលម្រេចរបស់កម្ពុជា។

សំណើពង្រីកទីផ្សារម្រេចខ្មែរ ទៅកាន់ម៉ាឡេស៊ី គឺត្រូវបានធ្វើ បន្ទាប់ពីការបើកទីផ្សារថ្មី ក្នុងប្រទេសចិន និងប្រទេសផ្សេងទៀតដូចជា ប្រទេសនៅតំបន់មជ្ឈិមបូព៌ា និងអាមេរិក។

គួរឲ្យដឹងដែរថា បើយោងតាម របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ដំណាម្រេចត្រូវបានគេដាំដុះលើផ្ទៃដី ៦ ៩៣៥ ហិកតាក្នុងប្រទេសកម្ពុជា។

កម្ពុជា នាំចេញម្រេច ទាំងម្រេចម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) ពីខេត្តកំពត និងម្រេចមិនមែន ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ រួមទាំងម្រេចចម្រុះ ម្រេចកសិកម្មល្អ និងម្រេចសរីរាង្គ។ ម្រេច GI ភាគច្រើនត្រូវបាននាំចេញទៅកាន់ សហភាពអឺរ៉ុប។ យោងតាម CPSF តម្លៃម្រេចបច្ចុប្បន្នមានចន្លោះពី ៣០០០ ទៅ ៣៥០០ ដុល្លារក្នុងមួយតោន។

គួររម្លឹកដែរថា ក្នុងឆ្នាំ២០២៣ កម្ពុជាបាននាំចេញម្រេចស្ងួតចំនួន ៦១៥៣ តោនទៅកាន់ទីផ្សារអន្តរជាតិ ថយចុះ ២៦,៧៦% បើធៀបនឹងឆ្នាំមុន។